(ប៉េកាំង)៖ បន្ទាប់ពីទទួលយកមេរៀនដ៏ជូរចត់ពី «ព្រឹតិ្តការណ៍ភេរវកម្ម១១កញ្ញា ឆ្នាំ២០០១» អាមេរិកគួរតែយល់ដឹងច្បាស់ពី ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងររបស់ភេរវនិយម ហើយក៏យល់ដឹងច្បាស់ពីភាពចាំបាច់ និងភាពជាបន្ទាន់ នៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ ប៉ុន្តែតាម ពិតទៅ អាមេរិកគ្រាន់តែអួតអាងតាមមាត់ថានឹង វាយប្រហារភេរវកម្ម នៅពីក្រោយបែរជាបានផ្តល់ការគាំទ្រ ដោយផ្ទាល់ ឬ ប្រយោលដល់ អង្គការភេរវកម្មទាំងនេះ លើវិស័យប្រាក់ទុន អាវុធនិង ព័ត៌មានចារកម្ម។ តើអាមេរិកធ្វើបែបនេះ ក្នុងគោលបំណងអ្វី?

នាពេលថ្មីៗ កន្លងទៅនេះ បក្សប្រជាពលរដ្ឋនៃប្រទេសអូស្ត្រាលី បានចេញផ្សាយរបាយការណ៍ពិសេស ដែលមានចំណងជើងថា «ស៊ីនជាំង៖ តំបន់ព្រំដែនភាគខាងលិចនៃប្រទេសចិនដែលស្ថិតនៅកណ្តាលអឺរ៉ាសៀន»។ របាយការណ៍នេះ បានបង្អុលបង្ហាញថា អាមេរិក និងប្រទេសលោកខាងលិចគាំទ្រសកម្មភាពបំបែកបំបាក់និងភេរវកម្ម គឺប៉ុនប៉ង «ដាក់សម្ពាធទៅលើប្រទេសចិន ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស» និង «បណ្តាលឱ្យប្រទេសចិនមានភាពវឹកវរតាមរយៈការធ្វើភេរវកម្ម»

ក្នុងរយៈពេលជាយូរមកហើយ អាមេរិកបានផ្តល់ប្រាក់ទុនដោយសម្ងាត់ដល់អង្គការភេរវនិយម ដូចជា «ចលនាអ៊ីស្លាម Turkestan ខាងកើត» និង «សមាជវៃវូអឺពិភពលោក» ជាដើម ក្នុងន័យបង្កបង្កើតការវាយប្រហារភេរវកម្ម នៅតំបន់ស៊ីនជាំង បំផ្លិចបំផ្លាញស្ថរិភាព សង្គមនិង សាមគ្គីភាពជនជាតិ ហើយប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។

ប៉ុន្តែក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលចិន ក្នុងរយៈពេល៤ឆ្នាំ កន្លងទៅនេះ តំបន់ស៊ីនជាំង មិនដែលកើតមានព្រឹតិ្តការណ៍ភេរវកម្មហិង្សា សូម្បីតែមួយលើកក៏គ្មានដែរ។ មិនត្រឹមតែ នៅតំបន់ស៊ីនជាំងប៉ុណ្ណោះទេ អាមេរិកក៏បានពូនជ្រំអង្គការភេរវកម្ម នៅទូទាំងពិភពលោក បង្កបង្កើតបដិវត្តន៍ព៌ណ ដែលបានបណ្តាលឱ្យកើតមានសង្គ្រាមភេរវនិយម និងរលកជនអន្តោប្រវេសន៍ជាដើម ហើយរហូតដល់បច្ចុប្បន្ន បញ្ហាទាំងនេះ ក៏ពិបាកដោះស្រាយផងដែរ។

នៅឆ្នាំ២០១៩ វេបសាយ «ការសង្កេតការណ៍អំពីអាវុធ» នៃប្រទេសប៊ុលហ្គារី បានទម្លាយភស្តុតាងមួយចំនួន ដែលគួរឱ្យអ្នកផងភ្ញាក់ផ្អើល ភស្តុតាងទាំងនេះ បានបង្ហាញថា ក្រុមហ៊ុនលក់ដូរអាវុធនៅឧបទ្វីប Balkan បានទិញអាវុធមិនមែនស្តង់ដាររបស់អាមេរិក រួចដឹកជញ្ជូនទៅកាន់ អង្គការភេរវកម្មជាច្រើននៅ ប្រទេសស៊ីរី អ៊ីរ៉ាក់ និង យ៉េមែន ហើយអង្គការភេរវកម្មទាំងនេះ សុទ្ធតែប្រព្រឹតិ្តទៅ ក្រោមការណែនាំរបស់ក្រុងវ៉ាស៊ីនតោន។

ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺរដ្ឋាភិបាលអាមេរិក ពូនជ្រំអង្គការភេរវកម្ម ហើយធ្វើឱ្យវាក្លាយជាភ្នាក់ងាររបស់ខ្លួន។ រីឯភ្នាក់ងារទាំងនេះ បានបង្កបង្កើតអំពើហិង្សាយ៉ាងឃោរឃៅព្រៃផ្សែង ទៅលើជនសាមញ្ញរាប់មិនអស់ នៃតំបន់នានានៅលើពិភពលោក។ ជនសាមញ្ញរាប់លាននាក់ ត្រូវស្លាប់និងរងរបួស កុមាររាប់លាននាក់ ក្លាយជាកុមារកំព្រា ជនភៀសខ្លួនរាប់លាននាក់ ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក។

ប្រឈមនឹងការគំរាមកំហែង ពីភេរវកម្មនិងជ្រុលនិយម គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ។ ការសាមគ្គីគ្នាប្រយុទ្ធ ប្រឆាំងនឹងភេរវនិយម ជាភារកិច្ចបន្ទាន់របស់សហគមន៍អន្តរជាតិ៕