(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៤,៤៧៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៩៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,២២៤,១៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៨,៩៩៣នាក់ និងជាសះស្បើយឡើងសរុប ២៤,៧៧០,៩៨០នាក់។
សហរដ្ឋអាមេរិកពេលក៏កំពុងត្រៀមខ្លួនសម្រាប់ លទ្ធភាពអាចទៅរួចក្នុងការចាក់វ៉ាក់សាំងបន្ថែម ដែលអាចនឹងត្រូវការជាចាំបាច់រយៈពេលចន្លោះពី ៩-១២ខែទៀត លើមនុស្សដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ២ដូសរួចរាល់។ បើតាមក្រុមអ្នកជំនាញអាមេរិក ប្រជាជនដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ ២ដូស ទំនងជានឹងចាំបាច់ត្រូវការចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ នៅក្នុងរយៈពេល ១២ខែ ហើយអាចនឹងត្រូវចាក់ជាប្រចាំឆ្នាំក៏ថា បានប្រឈមមុខនឹងការឆ្លងរាតត្បាត នៃវីរុសបំប្លែងខ្លួនថ្មី។
គួរបញ្ជាក់តាមមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺនៅសហរដ្ឋអាមេរិក (CDC) បានប្រកាសនៅក្នុងសប្តាហ៍នេះថា ចំនួនករណីឆ្លងប្រចាំថ្ងៃ ហាក់បង្ហាញសញ្ញាកើនឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើនត្រូវបានគេមើលឃើញថា កំពុងកើតទៅលើអ្នកដែលមិនទាន់បាន ចាក់វ៉ាកសាំងបង្ការ COVID-19។ ហេតុដូច្នេះទើបអាជ្ញាធរបាននិងកំពុងជំរុញបន្ថែម ឲ្យប្រជាជនទៅទទួលការចាក់វ៉ាក់សាំង ដោយមិនត្រូវរួញរាទៀតឡើយ៕