(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាខ្លួននឹងបន្តរក្សាបេសកកម្មនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដដែល បើទោះជាសហរដ្ឋអាមេរិក និងអង្គការ NATO សម្រេចចិត្តដកកងទ័ពចេញនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Stephane Dujarric បានគូសបញ្ជាក់ដូច្នេះថា៖ «វាជាការពិតមិនអាចប្រកែកបានថា ការដកកងទ័ពចេញ នឹងជះឥទ្ធិពលដល់អាហ្វហ្គានីស្ថានទាំងមូល...ដូច្នេះយើងនឹងបន្តសិក្សាពីស្ថានភាពជាក់ស្ដែង ហើយបន្តធ្វើការងាររបស់ពួកយើងនៅអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទាំងបេសកកម្មនយោបាយ និងមនុស្សធម៌»

គួរបញ្ជាក់ថា បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬហៅកាត់ថា (UNAMA) គឺជាប្រតិបត្តិការនយោបាយតូចមួយមានបុគ្គលិកជាង ១,២០០នាក់ដែលភាគច្រើនជាពលរដ្ឋអាហ្វហ្គានីស្ថាន និងមិនរាប់បញ្ចូលកងកម្លាំងរក្សាសន្តិភាពឡើយ៕