Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយក WHO ប្រចាំតំបន់អ៊ឺរ៉ុបបញ្ជាក់ជាថ្មី អំពីទំនុកចិត្តរបស់ខ្លួនលើវ៉ាក់សាំង AstraZeneca ក្រោយប្រទេសដាណឺម៉ាកប្រកាសឈប់ប្រើប្រាស់ (Video inside)

15-04-2021 21:31

(អ៊ឺរ៉ុប)៖ បន្ទាប់ពីមានការសម្រេចចិត្តរបស់ប្រទេសដាណឺម៉ាក ក្នុងការបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបលោក Hans Henri P. Kluge នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ជាថ្មីថា អត្ថប្រយោជន៍ នៃការប្រើប្រាស់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

លោក Kluge បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃនេះថា «គ្មានអ្វីគួរឲ្យសង្ស័យពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca ក្នុងការកាត់បន្ថយអត្រាការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដោយសារជំងឺ COVID-19 នោះឡើយ។ អង្គការសុខភាពពិភពលោក សូមណែនាំឲ្យមនុស្សពេញវ័យទាំងអស់ ដែលអាចទទួលចាក់វ៉ាក់សាំងនេះបាន សូមធ្វើឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន»

នាយកប្រចាំតំបន់រូបនេះបានចង្អុលបង្ហាញបន្ថែមទៀតថា ក្នុងចំណោមប្រជាជន ២០០ លាននាក់ដែលបានទទួលវ៉ាក់សាំង AstraZeneca គឺមានករណីតិចតួចបំផុត ដែលរកឃើញថាមានបញ្ហាកំណកឈាម។

លោក Kluge បានសង្កត់ធ្ងន់ថា «បច្ចុប្បន្នអ្នកដែលផ្ទុកជំងឺ COVID-19 គឺមានហានីភ័យប្រឈមមុខនឹងបញ្ហាកំណកឈាម មានខ្ពស់ជាងអ្នកដែលចាក់វ៉ាក់សាំង AstraZeneca ច្រើនជាងឆ្ងាយណាស់»