(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshihide Suga) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកហើយ ដែលប្រការនេះធ្វើឲ្យរូបលោកក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលនឹងបានជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ខណៈការព្រួយបារម្ភអំពីបញ្ហាទាក់ទងនឹងប្រទេសចិន ទំនងនឹងជារបៀបវារៈចម្បង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្រ្តីជប៉ុន នឹងសង្ឃឹមថាអាចពង្រឹងសម្ព័ន្ធភាពដ៏សំខាន់សាជាថ្មីឡើងវិញ ជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសម័យអតីតប្រធានាធិបីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាប្រៀបធៀបការកត់សម្គាល់ ជុំវិញការបង្កើនសកម្មភាពរបស់ទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីមន្រ្តីជាន់ខ្ពស់អាមេរិកពីររូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីខែមីនាកន្លងទៅ និងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃសម្ព័ន្ធមិត្តទាំង០៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា។
គួរបញ្ជាក់ថា គោលដៅចម្បងនៃសកម្មភាពការទូតទាំងប៉ុន្មានខាងលើ ត្រូវគេមើលឃើញថាជា សញ្ញាដែលបង្ហាញយ៉ាងច្បាស់ នូវការព្យាយាមរួមកម្លាំងគ្នារវាងទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តនៅអាស៉ី ដើម្បី ប្រឈមមុខជាមួយទីក្រុងប៉េកាំង នៅចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងឡើងៗរបស់ពួកគេ អំពីចិន៕