(ប៉េកាំង)៖ បើលោកអ្នកស្វែងរកតាមបណ្តាញអ៊ីនធើណេតនូវ «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិ» របស់អាមេរិក អាចឃើញពាក្យបកស្រាយដូចពោលខាងក្រោម៖ «សេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធ» ក៏អាចបកប្រែជា «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស» ផងដែរ។ «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស» មានគោលបំណងរឹតត្បិតអំណាចរបស់រដ្ឋាភិបាល និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះបានធានាសេរីភាពរបស់បុគ្គលលើវិស័យជាច្រើន។

ប៉ុន្តែ «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស» នេះ មិនបានបំពេញកង្វះខាតធំមួយនៃរដ្ឋធម្មនុញ្ញនោះទេ ពោលគឺការបញ្ជាក់ពីរបបទាសករ ដូចនេះបណ្តាលឱ្យរបបទាសករ នៅតំបន់ខាងត្បូងអាមេរិក បានពង្រីកក្របខណ្ឌកាន់តែទូលំទូលាយ។ បើយល់ដឹងពីប្រវតិ្តសាស្ត្រនេះ អ្នកផងអាចដឹងច្បាស់ថា «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស» មិនបានលុបចោលរបបទាសករនោះទេ ហើយក៏មិនបានផ្តល់សិទ្ធិមូលដ្ឋានគ្រប់ផ្នែក ដល់មនុស្សស្បែកខ្មៅផងដែរ។ នេះគឺមានន័យថា ក្នុងក្របខណ្ឌច្បាប់ មនុស្សស្បែកខ្មៅមិនមែនជា «មនុស្ស» ដ៏ពិតប្រាកដនោះទេ។ ដូច្នេះ អាចនិយាយបានថា «សេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធមនុស្ស» របស់អាមេរិកមានភាពពិការភ្នែកពណ៌។

«សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សជាសកល» បានបកស្រាយពីអត្ថន័យយ៉ាងទូលាយ និងជាក់ស្តែងរបស់សិទ្ធិមនុស្ស ការបកស្រាយជាទូទៅគឺ៖ សិទិ្ធមនុស្សជាសិទ្ធិរបស់មនុស្សទាំងអស់តាំងពីកំណើតមក សិទ្ធិនេះមិនបែងចែកពូជសាសន៍ ភេទ និន្នាការផ្លូវភេទ សញ្ជាតិ ដើមកំណើត ភាសា សាសនា អត្តសញ្ញាណនិងឋានៈនោះទេ។

រីឯ «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស» របស់អាមេរិក មិនបានចាត់ទុកជនជាតិអាមេរិកគ្រប់រូប ជាប្រជាពលរដ្ឋអាមេរិកនោះទេ ដូច្នេះ មនុស្សស្បែកខ្មៅគ្មានសិទ្ធិមនុស្សជាមូលដ្ឋាន អាចត្រូវគេលក់ដូរ ធ្វើបាប និងបង្ខំឱ្យធ្វើពលកម្មតាមទំនើងចិត្ត មានជោគវាសនាដ៍ជូរចត់។ កាលពីឆ្នាំមុន នៅអាមេរិកនិងលោកខាងលិចបានបំផុសរលក «កម្ទេចចោលរូបចម្លាក់»។ ពេលដំបូង អ្នកផងមិនយល់ដឹងពីអត្ថន័យ នៃសកម្មភាពលើកនេះទេ។ តើរូបចម្លាក់មិនមែនឆ្លាក់ឡើង ដើម្បីលម្អបរិស្ថានឬរំលឹកដល់មនុស្ស ឬព្រឹត្តិការណ៍ណាមួយទេឬ? តើវត្ថុសិល្បៈសាធារណទាំងនេះ មិនគួរតែផ្តល់តម្លៃស្នូលសង្គមដ៏វិជ្ជមានទេឬ? នៅប្រទេសចិន វាពិតជាអ៊ីចឹង ប៉ុន្តែ នៅអាមេរិកនិងលោកខាងលិច វាមិនប្រាកដជាអ៊ីចឹងទេ។

នៅអង់គ្លេស បាតុករបានកម្ទេចចោលរូបចម្លាក់ឈ្មោះ Edward Colston អ្នកជួញដូរទាសករនៅសតវត្សរ៍ទី១៧ ព្រមទាំងបានរុញចោលទៅក្នុងទន្លេ។ នៅអាមេរិក ប្រជាជនដែលមានការខឹងសម្បាយ៉ាងខ្លាំងបាន «កាត់ក្បាល» រូបចម្លាក់របស់លោក Cristoforo Colombo នៅហូឡង់ រូបចម្លាក់របស់ព្រះបាទ Leopold Louis Philippe Marie Victor ត្រូវដុតកំទេច ល។ល។
នេះគ្រាន់តែជាការបង្ហាញភាពខឹងសម្បាទេ? អត់ទេ! មនុស្សដ៏មហិមាដែលត្រូវគេរំលឹករហូតដល់បច្ចុប្បន្នទាំងនោះ ដើមឡើយ គឺមានប្រវតិ្តរើសអើងពូជសាសន៍ដ៏អាក្រក់ជាច្រើន។

គំនូរកំប្លែងមួយផ្ទាំងបានបង្ហាញថា «ពូTom» ដៃម្ខាងកាន់ «សេចក្តីប្រកាសឯករាជ្យ» ហើយដៃម្ខាងកាន់ខ្ជាប់ នូវខ្សែដែកសម្រាប់ខ្នោះមនុស្សស្បែកខ្មៅ។ ក្នុងប្រវតិ្តសាស្ត្រ ការគាបសង្កត់និងរើសអើងមនុស្សស្បែកខ្មៅ ជាស្នាមប្រឡាក់និងដំបៅមហារីករបស់លោកខាងលិច ដែលពិបាកនឹងទាត់ចោលបាន។ ជាពិសេសគឺនៅអាមេរិក ទំនាស់រវាងពូជសាសន៍មានភាពកាន់តែមុតស្រួច គឺជាមូលហេតុសំខាន់មួយដែលបណ្តាល ឱ្យសង្គមអាមេរិកមានភាពវឹកវរជាញឹកញាប់។

ក្នុងអំឡុងពេលយុគសម័យធ្វើនាវាចរណ៍នៅឆ្នាំ១៦១៩ អាមេរិកបានលេចចេញការជួញដូរទាសករស្បែកខ្មៅ ដល់ឆ្នាំ១៧៩០ ទាសករស្បែកខ្មៅនៅអាមេរិក មានចំនួនឡើងដល់ជាង៧សែននាក់ ទាសករស្បែកខ្មៅទាំងនេះ ជាកម្លាំងពលកម្មសំខាន់ ក្នុងចំការដាំកប្បាសរបស់អាមេរិក។ ជារៀងរាល់ថ្ងៃ ពួកគេត្រូវធ្វើការរយៈពេល១២ម៉ោង បើសិនជាបេះកប្បាសមិនដល់បរិមាណកំណត់ នោះនឹងត្រូវរងការវាយខ្សែតី។ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៩ របបទាសករទើបត្រូវលុបចោលទាំងស្រុងនៅសហរដ្ឋអាមេរិក។ ពិតមែនតែបានលុបចោលរបបទាសករក៏ដោយ ក៏ប៉ុន្តែជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកនិងអាស៊ីជាដើម នៅតែរងការរើសអើងពូជសាសន៍ជាប្រព័ន្ធ ក្នុងរយៈពេលយូរដដែល និងមានជីវភាពរស់នៅយ៉ាងលំបាកលំបិន។

នាពេលថ្មីៗកន្លងទៅនេះ សំណុំរឿងវាយប្រហារនិងប្រមាថ ដែលសំដៅចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី បណ្តាលឱ្យប្រជាជនជាច្រើនដង្ហែក្បូនធ្វើបាតុកម្ម។ នៅអាមេរិក ក្នុងចំណោមអនីតិជនមានអាយុក្រោម១៨ឆ្នាំ មនុស្សមិនមែនស្បែកសមានចំនួនប្រហែល១ភាគ៣ ប៉ុន្តែក្នុងពន្ធធនាគារ អនីតិជនមិនមែនស្បែកសមានចំនួន ២ភាគ៣។ ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកមានចំនួនមិនដល់ ១៣ភាគរយនៃចំនួនប្រជាជនសរុបអាមេរិក ប៉ុន្តែអត្រាត្រូវប៉ូលិសបាញ់ស្លាប់ គឺ២៨ភាគរយ។

រំលឹកឡើងវិញពីប្រវតិ្តសាស្ត្រអាមេរិក អាចមើលឃើញដោយងាយស្រួលថា ចាប់ពីដាក់ចេញ «សេចក្តីប្រកាសរំដោះ» នាឆ្នាំ១៨៦៣ រហូតដល់លោក អូបាម៉ា ត្រូវជ្រើសតាំងជាប្រធានាធិបតីនាឆ្នាំ២០០៨ បើមើលពីសំបកក្រៅ តួនាទីរបស់មនុស្សស្បែកខ្មៅ ត្រូវបានលើកកម្ពស់ជាបណ្តើរៗ។ ប៉ុន្តែតាមពិតទៅ ការរើសអើងពូជសាសន៍ មិនដែលរលាយសាបសូន្យ នៅអាមេរិកទាល់តែសោះ។

មនុស្សស្បែកស បានក្តាប់ទ្រព្យសម្បតិ្តចំនួន ៨៤ភាគរយរបស់អាមេរិក រីឯមនុស្សស្បែកខ្មៅភាគច្រើនរស់នៅ ក្នុងស្រទាប់ទាបនៃសង្គមក្នុងរយៈពេលយូរ ដែលបណ្តាលឱ្យកើតមានការរើសអើងកាន់តែច្រើនទៅលើពួកគេ។ ខណៈលោក Martin Luther King បានថ្លែងថា «ខ្ញុំមានសុបិន្តមួយ» ប្រហែលលោកមិននឹកស្មានដល់ថា ច្បាប់របស់អាមេរិកមានភាពពិការភ្នែកពណ៌ បណ្តាលឱ្យពិភពដែលមានភាពសម្បូរបែប និងមានពណ៌ចម្រុះប្រែទៅជា ពិភពប្រកបដោយភាពងងឹតគ្មានទីបញ្ចប់។ តើការប្រកាន់ពូជសាសន៍និយម នឹងបញ្ចប់នៅពេលណា? នេះជាសំណួរពិបាកឆ្លើយតប!