(ហុងកុង)៖ អ្នកតំណាងកំពូលរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានិយាយថាមហាអំណាចបរទេសណាមួយដែលព្យាយាមប្រើប្រាស់ ទីក្រុងហុងកុងជាកូនអុកនឹងត្រូវប្រឈមមុខចំពោះវិធានការណ៍តបតវិញ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងរដ្ឋាភិបាល លោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
លោក លូ ហ៊ុយនីង (Luo Huining) ប្រធានការិយាល័យទំនាក់ទំនងរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងហុងកុង បានថ្លែងនៅក្នុងពិធីប្រារព្ធទិវាអប់រំសន្តិសុខជាតិដែល អាជ្ញាធរបានរៀបចំ ដើម្បីលើកកម្ពស់ច្បាប់ដែលចិនបានដាក់កាលពីឆ្នាំមុនថា «យើងនឹងផ្តល់មេរៀនដល់កងកម្លាំងបរទេសទាំងអស់ដែលមានបំណងប្រើប្រាស់ ទីក្រុងហុងកុងជាកូនអុក»។
គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីដែលចិនដាក់លើទីក្រុងហុងកុង ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេសលោកខាងលិច ដោយពួកគេចោទថាច្បាប់ នេះរំលោភបំពានលើសិទ្ធិ និងសេរីភាពក្នុងទីក្រុងហុងកុង។ ប៉ុន្តែបានច្រានចោលរាល់ការរិះគន់ និងការចោទប្រកាន់ដោយបញ្ជាក់ថាច្បាប់នេះមានគោលដៅការពារ សន្តិសុខ និងការរស់នៅរបស់ប្រជាជនហុងកុង៕