(ប៊ែរឡាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល (Angela Merkel) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យប្រទេសរុស្ស៊ី ដកកងទ័ពចេញពីព្រំដែនប្រទេសអ៊ុយក្រែន ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
សហរដ្ឋអាមេរិក និងបណ្ដាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ (NATO) មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែការបង្កើនកងទ័ពរុស្ស៊ីជាច្រើន នៅជិតប្រទេសអ៊ុយក្រែន និងនៅឧបទ្វីបគ្រីមៀ (Crimea) ជាទឹកដីដែលទីក្រុងម៉ូស្គូ (Moscow) បានក្រសោបយកពីអ៊ុយក្រែន តាមរយៈការបោះឆ្នោតធ្វើប្រជាមតិ កាលពីឆ្នាំ២០១៤កន្លងទៅនេះ។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើសមយុទ្ធយោធាដំណាលគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈរដ្ឋមន្រ្តីក្រសួងការបរទេស និងការពារជាតិនៃបណ្ដាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បានចាប់ផ្តើមកិច្ចពិភាក្សាជាបន្ទាន់ ស្តីពីការពង្រាយកងទ័ពរុស្ស៊ី នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកស្រី មើគែល និងលោក បៃដិន បានពិភាក្សាអំពីការវិវឌ្ឍន៍ស្ថានការណ៍ថ្មីៗ នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យប្រទេសរុស្ស៊ី ចៀសវាងការបង្កើនកងទ័ពបន្ថែមទៀត ដើម្បីកាត់បន្ថយស្ថានការណ៍ក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមសេតវិមាន លោក Biden និងលោកស្រី Merkel បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបង្កើនកងទ័ពរុស្ស៊ី នៅតាមព្រំដែនប្រទេសអ៊ុយក្រែន និងនៅតំបន់ឧបទ្វីប Crimea ហើយបានអះអាងជាថ្មីនូវការគាំទ្រ ចំពោះកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន៕