(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារ និងពន្យល់ពីការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកដែលនៅសល់ជាង ២,៥០០នាក់ចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះដោយសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមិនមានហេតុផលដើម្បីបន្តស្ថិតនៅក្នុងប្រទេស មួយនេះទៀតទេ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ចេញពី Treaty Room នៃសេតវិមានជាទីដែលអតីតប្រធានាធិបតីអាមេរិកលោក George W. Bush ប្រកាសសង្គ្រាមលើអាហ្វហ្គានីស្ថាន នៅថ្ងៃពុធសប្ដាហ៍នេះ(ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិនបានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានចូលទៅកាន់អាហ្វហ្គានីស្ថាន ដោយសារតែការវាយប្រហារដ៏រន្ធត់កាលពីជាង២០ឆ្នាំមុន...ដើម្បីតាមប្រមាញ់ Osama bin Laden។ បេសកកម្មនេះត្រូវបានបញ្ចប់ដោយជោគជ័យ ហើយអាហ្វហ្គានីស្ថានក៏លែងក្លាយជាឋានសួគ៌របស់ភេរវករដែរ...ដូច្នេះគ្មានហេតុផលអាចពន្យល់បានថាហេតុអ្វីបានជាយើងត្រូវបន្តស្ថិតនៅទីនោះក្នុងឆ្នាំ២០២១ នេះទេ»។
គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ កងទ័ពអាមេរិក២,៤៨៨នាក់បានស្លាប់នៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និង២០,៧២២នាក់ ទៀតរងរបួស៕