(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានចេញមុខការពារគុណភាពវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) និងវ៉ាក់សាំងអង់គ្លេស AstraZeneca បន្ទាប់ពីក្រុមអ្នកនយោបាយប្រឆាំងបានរិះគន់ថា វ៉ាក់សាំងទាំងនេះ មិនមានអត្រាការពារខ្ពស់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
លោករដ្ឋមន្រ្តី Charnvirakul បានគូសបញ្ជាក់នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកថា បញ្ហាជុំវិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតនៅប្រទេសចិន បានបង្កឱ្យមានការភាន់ច្រឡំជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយអ្នកនយោបាយថៃមួយចំនួន កំពុងកេងចំណេញលើផលប្រយោជន៍ ពីស្ថានការណ៍បច្ចុប្បន្ននេះ។
អ្នកនយោបាយថៃដែលមិនមានចំណេះដឹងអំពីវ៉ាក់សាំង បានបំផ្លើសព័ត៌មានបរទេស និងបានអះអាងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមផលិតឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនផលិតឱសថចិន Sinovac ដែលរដ្ឋាភិបាលថៃបានបញ្ជាទិញ គឺមិនមានប្រសិទ្ធភាពនោះទេ។ លោករដ្ឋមន្រ្តី Charnvirakul បានគូសបញ្ជាក់បន្ថែម «វ៉ាក់សាំងទាំងពីរ ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយ អង្គការសុខភាពពិភពលោក (WHO) ហើយប្រទេសជាច្រើនក៏បានប្រើប្រាស់វារួចហើយផងដែរ»។
គួរបញ្ជាក់ថា ការចេញមុខតតាំងចំពោះមតិប្រឆាំង ចំពោះវ៉ាក់សាំងដែលថៃបានជ្រើសរើសនេះ បានកើតមានឡើងចំពេលដែលប្រទេសថៃ កំពុងប្រឈមមុខរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលបាននិងកំពុងវិវឌ្ឍធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់។
នៅថ្ងៃពុធនេះអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) បានប្រកាសពីតួលេខអ្នកឆ្លងជំងឺនេះ ដែលត្រូវបានរកឃើញក្នុងកំឡុងពេល ២៤ម៉ោង មានចំនួនរហូតដល់ទៅ ១,៣៣៥នាក់ឯណោះ លើសកាលពីថ្ងៃអង្គារម្សិលមិញ ដែលមានចំនួនជាង ៩៥០នាក់។ ទីក្រុងបាងកកស្ថិតនៅកំពូលតារាង ជាមួយនិងចំនួនអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញប្រមាណ ៣៥១នាក់ ខណៈខេត្តឈៀងម៉ៃវិញរកឃើញ ៣១៩នាក់ និងខេត្តប្រាជួបគិរីខាន់ មានចំនួនករណីឆ្លង ១៦១នាក់។
គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣៥,៩១០ករណី ក្នុងនោះស្លាប់ ៩៧នាក់ និងជាសះស្បើយវិញ ២៨,៣២២នាក់។ បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ៧,៤៩១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់យុទ្ធការចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ គឺកំពុងប្រព្រឹត្តទៅសន្សឹមៗប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃពុធដដែលនេះ ការចាក់បានកើនឡើងដល់ជាង ៥៧៩,៣០០ដូស៕