(រ៉ង់ហ្គូន)៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននាំគ្នាយកទឹកថ្នាំលាបពណ៌ក្រហមបាញ់លើដងផ្លូវ, ជញ្ជាំង និងនៅតាមចំណតឡានក្រុងជាច្រើន នៅថ្ងៃពុធនេះ ដើម្បីធ្វើជាតំណាងឱ្យឈាមរបស់បាតុករច្រើនជាង ៧០០នាក់ ដែលបានស្លាប់នៅក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាម ពីសំណាក់កងកម្លាំងសន្តិសុខនៃរបបយោធា គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុងសប្ដាហ៍នេះគឺជាឱកាសបុណ្យឆ្នាំថ្មី (Thingyan) របស់មីយ៉ាន់ម៉ា ដែលជាទូទៅមនុស្សម្នាលេងជះទឹកដាក់គ្នា។ ក៏ប៉ុន្តែក្នុងឆ្នាំនេះដោយសារតែបញ្ហា COVID-19 ផង និងបាតុកម្មតវ៉ាផង សកម្មភាពនានានៃពិធីបុណ្យនេះ ដូចជាការលេងជះទឹកដាក់គ្នាត្រូវបានលុបចោល ហើយក្រុមបាតុករបានយកទឹកថ្នាំពណ៌ក្រហមលាបតាមដងផ្លូវ ជំនួសឱ្យការបាញ់ទឹកនៅតាមដងផ្លូវនានា និងជាតំណាងឱ្យឈាមរបស់បាតុករ ដែលបានបាត់បង់ជីវិតនៅក្នុងបាតុកម្មតវ៉ា។
គួរបញ្ជាក់ថា បើតាមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាតុករយ៉ាងហោច ៧១៤នាក់ហើយបានស្លាប់ ក្នុងការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខនៃរបបយោធា គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ដែលជាពេលរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ត្រូវបានទម្លាក់ចេញពីអំណាច។ ពួកគេក៏រំពឹងដែរថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈរបបយោធាមីយ៉ាន់ម៉ាអះអាងថា អ្នកស្លាប់មានតិចជាងតួលេខរបស់អង្គការសង្គមស៊ីវិល៕