(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះឱ្យកាត់បន្ថយភាពតានតឹង ពាក់ព័ន្ធនឹងសកម្មភាពយោធារុស្ស៊ីនៅតាមព្រំដែនប្រទេសអ៊ុយក្រែន និងបានស្នើឱ្យមានជំនួបកំពូលមួយដើម្បីដោះស្រាយជម្លោះនានា។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
សេតវិមាន និងវិមានក្រឹមឡាំងបានរាយការណ៍អំពីកិច្ចសន្ទនាលើកទី២ រវាងប្រធានាធិបតីទាំងពីរ ចាប់តាំងពីលោកបៃដិន បានចូលកាន់តំណែងជាប្រធានាធីបតីអាមេរិក កាលពីខែមករាកន្លងមកនេះ បន្ទាប់ពីក្រុមមន្ត្រីលោកខាងលិច បានជំរុញឱ្យទីក្រុងម៉ូស្គូបញ្ចប់ការបង្កើនសកម្មភាព យោធា ខណៈទីក្រុងម៉ូស្គូបាននិយាយថាសត្រូវរបស់ខ្លួនគួរតែរក្សានាវាចម្បាំងអាមេរិកឱ្យឆ្ងាយពីតំបន់ឧបទ្វីបគ្រីមៀ (Crimea)។
ជុំវិញការព្រួយបារម្ភអំពីភាពតានតឹងដែលមិនអាចគ្រប់គ្រងបាននៅក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែន លោក បៃដិន បានទូរស័ព្ទទៅលោក ពូទីន ដើម្បីស្នើឱ្យពួកគេជួបគ្នានៅក្នុងប្រទេសទីបី ហើយលោក បៃដិនក៏គូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន។
សេតវិមាន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីអាមេរិក លោក បៃដិន ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពយ៉ាងរឹងមាំដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសរុស្ស៊ី ដូចជាការជ្រៀតជ្រែកចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត និងការជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោត»។
សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់បន្ថែមទៀតថា «ប្រធានាធិបតីអាមេរិក លោក បៃដិន បានសម្តែងការព្រួយបារម្ភចំពោះការបង្កើនកម្លាំងយោធារុស្ស៊ីភ្លាមៗនៅក្នុងតំបន់ឧបទ្វីបគ្រីមៀ និងនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសរុស្ស៊ីកាត់បន្ថយភាពតានតឹង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចោទថារុស្ស៊ីក្រសោបយកតំបន់ឧបទ្វីប Crimea ពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ការវាយប្រយុទ្ធ គ្នាបានកើនឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗ នេះនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាកន្លែងដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធជាមួយក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងជម្លោះរយៈពេល ៧ឆ្នាំដែលក្រុងកៀវ (Kyiv) និយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤,០០០នាក់៕