(គែរ)៖ អាជ្ញាធរព្រែកជីកស៊ុយអេ នាថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា កប៉ាល់យក្សដែលបានជាប់គាំងទទឹងទិស នៅព្រែកជីកស៊ុយអេនៃប្រទេសអេហ្ស៉ីប និងបង្កការរាំងស្ទះដល់លំហូរពាណិជ្ជកម្មពិភពលោក ជិតមួយសប្តាហ៍នោះ ត្រូវបានឃាត់ទុកតាមដីកាតុលាការ រហូតទាល់តែម្ចាស់កប៉ាល់នេះ យល់ព្រមបង់ថ្លៃសំណងទំហំ ៩០០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
កប៉ាល់ដឹកទំនិញដ៏ធំសម្បើមឈ្មោះថា MV Ever Given ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុន ប៉ុន្តែធ្វើប្រតិបត្តិការដោយក្រុមហ៊ុនតៃវ៉ាន់ និងប្រើទង់ជាតិប៉ាណាម៉ានោះ បានជាប់គាំងពេលមានខ្យល់កន្រ្តាក់ខ្លាំង នៅកណ្តាលព្រែកជីកស៊ុយអេ ដែលជាផ្លូវទឹកតូចប៉ុន្តែសំខាន់បំផុតមួយ សម្រាប់លំហូរពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ។ រយៈពេល០៦ថ្ងៃក្រោយមក ទើបអាចរំដោះកប៉ាល់នោះ ពីការជាប់គាំងវិញបាន ខណៈកប៉ាល់រាប់រយគ្រឿងផ្សេងទៀត មិនអាចធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេបាន។
យោងតាមក្រុមហ៊ុនទិន្នន័យពាណិជ្ជកម្មផ្លូវទឹក Lloyd's List ការជាប់គាំងរបស់កប៉ាល់ Ever Given ក៏បានធ្វើឲ្យរាំងស្ទះដល់លំហូរទំនិញ ដែលមានតម្លៃសរុប៩.៦ពាន់លានដុល្លារក្នុងមួយថ្ងៃ រវាងអាស៉ីនិងអឺរ៉ុប។ បើតាមអាជ្ញាធរព្រែកជីកស៊ុយអេ ផ្លូវទឹកនេះមានសារសំខាន់ជាខ្លាំង សម្រាប់សេដ្ឋកិច្ចរបស់អេហ្ស៉ីប ដែលត្រូវបាត់បង់ចំណូលចន្លោះ ១២-១៥លានដុល្លារក្នុងមួយថ្ងៃ ប្រសិនបើវាត្រូវបិទទ្វារ។
គួរបញ្ជាក់ថា ក្នុងឆ្នាំសារពើពន្ធ២០១៩-២០២០ ព្រែកជីកស៊ុយអេរកចំណូលឲ្យប្រទេសអេហ្ស៉ីបបាន ជាង៥.៧ពាន់លានដុល្លារ៕