(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សភាអាមេរិកថាខ្លួនកំពុងបន្តការលក់អាវុធមានតម្លៃជាង២៣ពាន់លានដុល្លារ ឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 ដែលបានព្រមព្រៀងនៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជាន់ខ្ពស់នៃសភាអាមេរិក បានឱ្យដឹងទៀតថាអាវុធក្នុងតម្លៃ ២៣.៣៧ពាន់លានដុល្លារ មានទាំងផលិតផលរបស់ក្រុមហ៊ុន General Atomics, Lockheed Martin និងក្រុមហ៊ុន Raytheon ដែលក្នុងនោះរួមមានយន្ដហោះ ចម្បាំង F-35 ចំនួន៥០គ្រឿង, យន្ដហោះដ្រូន MQ-9B ១៨គ្រឿង និងអាវុធមួយចំនួនទៀត។ ចំណែកឯការប្រគល់អាវុធទាំងនេះឱ្យអេមីរ៉ាតអារ៉ាប់រួម អាចនឹងត្រូវធ្វើឡើងនៅក្រោយឆ្នាំ២០២៥ ឬយូរជាងនេះ បើសិនជាកិច្ចព្រមព្រៀងលក់ត្រូវបានអនុវត្ត។
គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន ធ្លាប់ផ្អាកការលក់អាវុធឱ្យអេមីរ៉ាតអារ៉ាប់រួម ដែលព្រមព្រៀងនៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយបញ្ជាក់ថា ត្រូវការត្រួតពិនិត្យលើកិច្ចព្រមព្រៀងនេះឡើងវិញ។ កិច្ចព្រមព្រៀងលក់អាវុធឱ្យអេមីរ៉ាតអារ៉ាប់រួម កើតមានឡើងបន្ទាប់ពីប្រទេសអារ៉ាប់មួយនេះយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល ក្រោមការសម្របសម្រួលរបស់លោក ត្រាំកាលពីខែកញ្ញា ឆ្នាំ២០២០៕