(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចនឹងចាប់ផ្ដើមការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ដែលនឹងក្លាយជាមធ្យោបាយមួយដើម្បីដាក់សម្ពាធ ឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិនត្រលប់មករកតុចរចាជាថ្មី។ នេះបើតាមរបាយការណ៍ថ្មីមួយដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិកបានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីខាងលើមានកម្រាស់ ២៧ទំព័រចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា មេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាត់ទុកអាវុធនុយក្លេអ៊ែរជាមធ្យោបាយប្រឆាំងរាល់អន្តរាគមន៍ណាមួយពីបរទេស ហើយលោកក៏ជឿដែរថាអន្តរជាតិ នឹងទទួលស្គាល់ប្រទេសលោករបស់ជា «មហាអំណាចនុយក្លេអ៊ែរ» នៅថ្ងៃណាមួយជាមិនខាន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែលដែលនិយាយពីការគំរាមកំហែងដែលសហរដ្ឋអាមេរិកត្រូវប្រឈមនៅជុំវិញពិភពលោក កូរ៉េខាងជើងមិនបាន ធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ហើយបានបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិកស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែ លោក គីម ជុងអ៊ុនអាចនឹងចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលអន្តរទ្វីប ICBM ឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ដើម្បីបង្ខំឱ្យ សហរដ្ឋអាមេរិកត្រលប់មករកតុចរចាវិញ តាមលក្ខខណ្ឌរបស់ទីក្រុងព្យុងយ៉ាង៕