(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងប្រកាសពីការដកកងទ័ពអាមេរិកដែលនៅសល់២,៥០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះដែលត្រូវចំថ្ងៃខួប២០ឆ្នាំ នៃការវាយប្រហារមហាភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក World Trade Center និងមន្ទីរបញ្ចកោណកាលពីឆ្នាំ២០០១។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់ខាងលើបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ចូ បៃដិននឹងប្រកាសពីការសម្រេចចិត្តរបស់លោក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសេតវិមាន។ មន្ត្រីដដែលឱ្យដឹងទៀតថាការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នឹងត្រូវចាប់ផ្ដើម នៅមុនថ្ងៃទី០១ ខែឧសភា ហើយនឹងបញ្ចប់ទាំងស្រុងនៅមុនថ្ងៃទី១១ ខែកញ្ញា ដែលជាកាលបរិច្ឆេទកំណត់។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ចូ បៃដិន គឺផ្ទុយពីកាលបរិច្ឆេទនៃការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថានដែលដំបូងឡើយ ត្រូវអនុវត្តនៅថ្ងៃទី០១ ខែឧសភា ក្រោមកិច្ចព្រមព្រៀងសន្តិភាពសម្រេចបានដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់។ ក្រុមតាលីបង់ធ្លាប់ បានព្រមានថាបើសហរដ្ឋអាមេរិកមិនព្រមដកកងទ័ពតាមកាលកំណត់នេះទេ ពួកគេនឹងចាប់ផ្ដើមការវាយប្រហារលើកងទ័ពបរទេសឡើងវិញ ប៉ុន្តែរដ្ឋបាល លោក ចូ បៃដិន ក៏បានព្រមានដែរថាក្រុមតាលីបង់ នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម បើសិនជាហ៊ានវាយប្រហារលើកងទ័ពអាមេរិក ឬកងទ័ព សម្ព័ន្ធមិត្តមែននោះ៕