(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសនឹងដកកងទ័ពអាមេរិកទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ, នេះបើយោងតាមសារព័ត៌មាន Washinton Post បានចុះផ្សាយនាយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

ការដកកងទ័ពចេញឲ្យអស់នេះ និងក៏ជាថ្ងៃខួបលើកទី២០ នៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ជាថ្ងៃនៃការវាយប្រហារដំបូង របស់សហរដ្ឋអាមេរិក ចូលក្នុងសង្គ្រាមដ៏យូរបំផុតរបស់ខ្លួន។

ជាផ្លូវការ, មានកងទ័ពសហរដ្ឋអាមេរិកចំនួន២.៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាចំនួននេះប្រែប្រួល ហើយបច្ចុប្បន្នមានប្រហែល១.០០០នាក់ ឬច្រើនជាងនេះ។ នៅទីនោះ ក៏មានកងកម្លាំងបរទេស ដល់ទៅ៧.០០០នាក់បន្ថែមទៀត នៅក្នុងក្រុមចម្រុះនៅទីនោះ ដែលភាគច្រើននៃពួកគេ ជាកងទ័ពរបស់អង្គការណាតូ។

គួរជម្រាបថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបណ្តាលឲ្យខាតបង់ប្រាក់រាប់លានលានដុល្លារបន្ថែមពីនោះ បានធ្វើឲ្យស្លាប់កងកម្លាំងសហរដ្ឋអាមេរិក ជាង២.០០០នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថាន យ៉ាងហោចណាស់១០០,០០០នាក់៕