(ប៉េកាំង)៖ ចិននៅថ្ងៃអង្គារនេះបានជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការចំពោះការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបញ្ចេញកាកសំណល់វិទ្យុសកម្មដែលមានជាតិកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ ដោយយោងតាមអង្គហេតុ ជាជាងគិតពីប្រទេសដែលនឹងធ្វើវា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងប៉េកាំង នៅពេលធ្វើអត្ថាធិប្បាយជំុវិញជំហររបស់សហរដ្ឋអាមេរិក ដែលបានប្រកាសនាពេលថ្មីៗនេះថា ការសម្រេចចិត្តរបស់ប្រទេសជប៉ុនមាន«តម្លាភាព» និងហាក់ដូចជាបានអនុលោមតាមស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរ ដែលត្រូវបានទទួលយកជាសកល។
លោក Zhao បាននិយាយថា «អ្នកជំនាញ និងអាជ្ញាធរអន្តរជាតិបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការបង្ហូរទឹកកខ្វក់ដែលមានផ្ទុកសារធាតុទ្រីមីញ៉ូម(tritium) ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ នឹងប៉ះពាល់ដល់បរិស្ថានសមុទ្រ និងសុខភាពសាធារណៈរបស់ប្រទេសជិតខាង»។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងដោះស្រាយបញ្ហាបរិស្ថានយ៉ាងពិតប្រាកដ ដោយមិនគិតពីប្រទេសណាមួយឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានប្រកាសថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបញ្ចេញទឹកជាង០១លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយរញ្ជួយដីនិងស៊ូណាមិ កាលពី១០ឆ្នាំមុន ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។ ការសម្រេចចិត្តខាងលើ បានជួបនឹងការបង្ហាញក្តីបារម្ភពីសំណាក់ សហគមន៍អ្នកនេសាទនៅក្នុងប្រទេសជប៉ុនផ្ទាល់ ក៏ដូចជាពីសំណាក់ប្រទេសជិតខាងនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូង និងចិនជាដើម៕