(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក ណែនាំឲ្យផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson និង Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូសជាបណ្តោះអាសន្នសិន ដើម្បីស៊ើបអង្កេតលើរបាយការណ៍អំពីបញ្ហាកំណកឈាមពាក់ព័ន្ធនឹងវ៉ាក់សាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតលើបញ្ហាកំណកឈាមរបស់ស្ត្រីចំនួន ០៦នាក់ ដែលបានកើតឡើងលើខ្លួនពួកគេ បន្ទាប់ពី ០៦ទៅ១៣ថ្ងៃក្រោយចាក់វ៉ាក់សាំងរួច។
វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson និង Johnson ចំនួនជាង ៦.៨ លានដូស ដែលត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិក ដែលភាគច្រើនមិនមានផលប៉ះពាល់ទេ ឬមានផលប៉ះពាល់ដែរប៉ុន្តែស្រាល។
បណ្តាញចែកចាយសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលរាប់បញ្ចូលទាំងកន្លែងចាក់វ៉ាក់សាំងធំៗ ក៏នឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង J&J ជាបណ្តោះអាសន្ន ផងដែរ ខណៈដែលរដ្ឋ និងអ្នកផ្គត់ផ្គង់ផ្សេងទៀត រំពឹងថានឹងអនុវត្តតាម។
វ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ចំនួនពីរផ្សេងទៀត គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer បានចូលរួមចំណែកធំជាងគេ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក ដោយមិនត្រូវបានផ្អាកដោយសារបញ្ហាសុខភាពនោះទេ។
អាជ្ញាធរសុខាភិបាលអាមេរិកបានណែនាំថា ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង J&J ហើយមានបញ្ហាឈឺក្បាលធ្ងន់ធ្ងរ ឈឺពោះ ឈឺជើង ឬដកដង្ហើមខ្លីៗក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីការចាក់ ត្រូវទាក់ទងទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ។
គួរបញ្ជាក់ថា វ៉ាក់សាំង J&J ទទួលបានការអនុញ្ញាតឱ្យប្រើជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក កាលពីចុងខែកុម្ភះកន្លងទៅ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំង ដោយសង្ឃឹមថាវ៉ាក់សាំងដែលតម្រូវការចាក់តែមួយដូស និងងតម្រូវការស្តុកទុកក៏ងាយស្រួលផងនោះ នឹងបង្កើនល្បឿនចាក់វ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា វាក់សាំងនេះបានរួមចំណែកដ៏តូចមួយប៉ុណ្ណោះ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក ដោយសារភាពយឺតយ៉ាវ នៃការផលិតកម្ម និងកំហុសចំនួនកនៅរោងចក្របាល់ទិករបស់អ្នកម៉ៅការ៕