(ប៉េកាំង)៖ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលកំពុងអភិវឌ្ឍឡើងនៅក្នុងប្រទេសចិន ដោយប្រើបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្តើមការធ្វើតេស្តដំណាក់កាលចុងក្រោយ នៅឯក្រៅប្រទេស បើឆាប់បំផុតគឺនៅក្នុងខែក្រោយនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
ដំណឹងខាងលើត្រូវបានរាយការណ៍ ដោយវិទ្យុជាតិចិន China National Radio នៅថ្ងៃអង្គារនេះ។ វ៉ាក់សាំងនោះ មានឈ្មោះសម្គាល់ថា ARCoV ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរួមគ្នារវាងបណ្ឌិតសភាវិទ្យាសាស្រ្តយោធាចិន AMS រួមជាមួយក្រុមហ៊ុន Suzhou Abogen Biosciences និង Walvax Biotechnology។ វាជាប្រភេទវ៉ាក់សាំង mRNA របស់ចិន ដែលឈានដល់ដំណាក់កាលសាកល្បងបានឆ្ងាយជាងគេ។
យោងតាមប្រភពព័ត៌មានដដែល ការធ្វើតេស្តដំណាក់កាលចុងក្រោយ នៅឯក្រៅប្រទេសនោះ នៃវ៉ាក់សាំង ARCoV អាចនឹងចាប់ផ្តើមជាផ្លូវការ នាខែឧសភាក្រោយនេះ ហើយតំបន់អាមេរិកខាងត្បូង អាចជាជម្រើសទីតាំងដំបូងគេនៃការធ្វើតេស្ត។
គួរបញ្ជាក់ថា វ៉ាក់សាំងអភិវឌ្ឍក្នុងស្រុកចំនួន០៤ ដែលចិនបានអនុម័តឲ្យប្រើជាទូទៅសម្រាប់បង្ការ COVID-19 នៅក្នុងប្រទេសខ្លួន និងវ៉ាក់សាំងទី៥ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងទ្រង់ទ្រាយតូច គឺករណីបន្ទាន់ សុទ្ធមិនមែនជាប្រភេទប្រើបច្ចេកវិទ្យា mRNA ឡើយ។ បច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់នៅក្នុងវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនប្រទេសលោកខាងលិច ដូចជា Pfizer-BioNTech និង Moderna ជាដើម។ បច្ចេកវិទ្យា mRNA គឺជាការផ្ទុកកូដណែនាំឲ្យកោសិកាមនុស្សយើង ផលិតនូវប្រូទេអ៉ីន ដែលធ្វើត្រាប់ស្រដៀងទៅនឹង COVID-19 ជំនួសការប្រើមេរោគ COVID-19 ផ្ទាល់ ដែលត្រូវបានគេសម្លាប់ជាមុន ដើម្បីទៅបង្ហាត់ប្រព័ន្ធការពាររាងកាយ ឲ្យទប់ទល់នឹងមេរោគមែនទែន៕