(វ៉ាស៉ីនតោន)៖ ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស (David Malpass) និងប្រធានសម្ព័ន្ធភាពវ៉ាក់សាំងអន្តរជាតិ Gavi លោក ចូ ម៉ានុយអ៊ែល បារ៉ូសូ (Jose Manuel Barroso) នៅថ្ងៃចន្ទសប្តាហ៍នេះ បានរួមគ្នាទទូចឲ្យបណ្តាប្រទេសទាំងឡាយណា ដែលមានវ៉ាក់សាំងផ្គត់ផ្គង់ច្រើនហួសពីតម្រូវការនោះ គួរតែបញ្ចេញពួកវាមកក្រៅខ្លះ ដើម្បីឲ្យប្រទេសដទៃទៀតដែលខ្វះខាត មានឱកាសទទួលបានមធ្យោបាយសម្រាប់បង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
ធនាគារពិភពលោកបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា កំឡុងកិច្ចជួបពិភាក្សាគ្នា លោក Malpass និងលោក Barroso បានជជែកអំពីបញ្ហា ដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមមុខ ពាក់ព័ន្ធនឹងការទទួលបានវ៉ាក់សាំង COVID-19 ព្រមទាំងអំពីសារសំខាន់នៃការបញ្ចេញវ៉ាក់សាំង ឲ្យបានឆាប់រហ័សតាមធ្វើទៅបាន ពីសំណាក់បណ្តាប្រទេស ដែលមានវ៉ាក់សាំងច្រើនលើសពីតម្រូវការ។
នៅក្នុងជំនួបខាងលើនេះ លោក Malpass ក៏បានបង្ហាញពីក្តីបំណង បង្កើនកិច្ចសហការជិតស្និទ្ធជាមួយ Gavi ផងដែរ ទៅលើយុទ្ធសាស្រ្តមួយសម្រាប់ឆ្នាំ២០២២ ដែលរួមមានទាំងការជួយ ពង្រីកសមត្ថភាពផលិតវ៉ាក់សាំង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាដើម។
គួរបញ្ជាក់ថា កន្លងទៅធនាគារពិភពលោក បានប្រកាសនឹងបញ្ចេញទឹកប្រាក់ខ្ទង់ ០២ពាន់លានដុល្លារនៅចុងខែមេសានេះ សម្រាប់គាំទ្រការផ្តល់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍចំនួន ៤០ នៅលើពិភពលោក។ កញ្ចប់ថវិកានេះ ជាផ្នែកមួយនៃកញ្ចប់ថវិកាធំ ១២ពាន់លានដុល្លារ ដែលធនាគារពិភពលោកបានត្រៀមទុកជាស្រេច ដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំង ទៅដល់បណ្តាប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប៕