Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអាមេរិក៖ «យើងមិនអាចបោះចោលវិធានការសុវត្ថិភាពឡើយ បើទោះបីការចាក់វ៉ាក់សាំងដំណើរការយ៉ាងល្អក្តី» ​(Video inside)

13-04-2021 15:50

(ស៉ីអិនអិន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៉ី (Anthony Fauci) បានប្រាប់ទូរទស្សន៍ CNN នៅថ្ងៃចន្ទសប្តាហ៍នេះថា ស្របពេលដែលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានក្លាយជាលទ្ធផលគួរឱ្យកោតសរសើរពិតមែន ប៉ុន្តែជនជាតិអាមេរិកទាំងឡាយនៅតែត្រូវធ្វើរឿងពីរយ៉ាង ដើម្បីលុបបំបាត់ការឆ្លងរាតត្បាតនេះ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

ទី១ ពួកគេត្រូវបន្តចាក់វ៉ាក់សាំង ហើយទី២ ពួកគេត្រូវចៀសវាងពីការប្រកាសជ័យជំនះមុនពេលកំណត់ និងចៀសវាងពីការទុកចោលនូវវិធីសាស្រ្ត ដែលជួយកាត់បន្ថយករណីឆ្លង មុនពេលមានការកើនឡើងនាពេលថ្មីៗនេះ។

លោក Fauci បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ CNN ថា «យើងឃើញមានការបន្ធូរបន្ថយ នូវវិធានការសុខភាពសាធារណៈជាច្រើន ដូចជាការឈប់ពាក់ម៉ាស់ ការបើកភោជនីយដ្ឋាន និងបារនីយដ្ឋានឡើងវិញ។ យើងមិនអាចធ្វើដូច្នេះបានទេ។ យើងត្រូវរង់ចាំបន្តិចទៀត»។ លោក Fauci បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តរក្សាការចាក់វ៉ាក់សាំងពី ៣-៤លានដូសក្នុងមួយថ្ងៃ នោះយើងនឹងទទួលបានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា សហរដ្ឋអាមេរិកបានប្រកាសពី ការបំបែកកំណត់ត្រាខ្ពស់ថ្មីមួយទៀត ដោយការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៤.៦៣លានដូសជូនដល់ប្រជាជន នៅក្នុងរយៈពេលតែមួយថ្ងៃ។ យ៉ាងណាក៏ដោយ បញ្ហាធំនៅពេលនេះគឺ ៧៥% នៃប្រជាជនអាមេរិកមិនទាន់ត្រូវបានចាក់វ៉ាក់សាំង ឲ្យគ្រប់ចំនួនដូសនៅឡើយទេ ខណៈអ្នកជំនាញបានព្រមានថា វីរុស COVID-19 បំប្លែងថ្មី B.1.1.7 នឹងអាចបង្កឲ្យមានអ្នកជំងឺឈឺធ្ងន់ ព្រមទាំងបាត់បង់ជីវិតច្រើនបន្ថែមទៀត នៅទូទាំងសហរដ្ឋអាមេរិក៕