(ញូដេលី)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរឥណ្ឌាបានប្រកាសឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ Sputnik V របស់ប្រទេសរុស្ស៉ី ត្រូវបានយល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្រទេសដែលមានប្រជាជនជិត ១.៤ពាន់លាននាក់នេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
ការសម្រេចអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។ ក្រុមហ៊ុនផលិតឱសថធំមួយរបស់ឥណ្ឌាគឺ Dr. Reddy's Laboratories នឹងទទួលបន្ទុកផលិតវ៉ាក់សាំង Spuntik V នៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ Sputnik V គឺជាវ៉ាក់សាំងទី៣ហើយ ដែលត្រូវប្រើសម្រាប់បង្ការជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំង Covaxin ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនឥណ្ឌាផ្ទាល់ Bharat Biotech។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ប្រមាណជាង៨៥០លានដូស នឹងត្រូវផលិតនៅប្រទេសឥណ្ឌា ក្នុងមួយឆ្នាំ។ ការអនុម័តវ៉ាក់សាំងទី៣នេះ គឺកើតមានឡើង ស្របពេលដែល ឥណ្ឌាកំពុងទទួលរងការឆ្លងរីករាលធ្ងន់ធ្ងរបំផុត រហូតក្លាយជាប្រទេសទីពីរលើពិភពលោក ដែលមានករណីឆ្លងសរុបច្រើនជាងគេ បន្ទាប់ពីទើបតែវ៉ាប្រេស៉ីល និងនៅក្រោយសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ៕