(ណៃពិដោ)៖ ក្រុមសកម្មជនប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃអង្គារនេះ បានប្តេជ្ញាបន្តរៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងយោធាដដែល បើទោះបីសប្តាហ៍នេះ ត្រូវជាពេលឈប់សម្រាកនាឱកាសចូលឆ្នាំថ្មី សម្រាប់ប្រទេសខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
ជាធម្មតាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល០៥ថ្ងៃ នៅមីយ៉ាន់ម៉ា ដែលគេហៅថា Thingyan តែងតែប្រព្រឹត្តទៅ ជាមួយប្រជាជនមីយ៉ាន់ម៉ា ដែលជាពុទ្ធបរិស័ទ្ធនាំគ្នាទៅវត្តអារាម និងការលែងជះ-បាញ់ទឹកដាក់គ្នាយ៉ាងសប្បាយរីករាយជាដើម ពោលគឺមិនសូវខុសពីប្រទេសជិតខាងដទៃទៀត ដូចជាថៃនិងកម្ពុជាជាដើម ប៉ុន្មាននោះទេ។
យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ សកម្មជនមីយ៉ានម៉ា បានអំពាវនាវឲ្យប្រជាជន រួមគ្នារៀបចំការធ្វើបាតុកម្មជានិមិត្តរូបមួយ តាំងពីថ្ងៃចាប់ផ្តើមនៃបុណ្យចូលឆ្នាំ គឺនៅថ្ងៃអង្គារនេះតែម្តង។ ទោះជាបែបនេះក្តី ក្រៅពីសកម្មភាពតវ៉ា ក្រុមសកម្មជនក៏បានសុំឲ្យមានការរក្សាភាពស្ងប់ស្ងាត់មួយថ្ងៃ ដើម្បីជាការគោរពដល់ជនរងគ្រោះដែលបាត់បង់ជីវិត ក្រោមការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ និងមួយថ្ងៃចុងក្រោយ គឺនៅថ្ងៃសៅរ៍ចុងសប្តាហ៍ សម្រាប់ជាថ្ងៃគោរពសាសនាផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន បុណ្យចូលឆ្នាំថ្មីនៅមីយ៉ាន់ម៉ា ក៏បានអាក់ខាន មិនអាចប្រារព្ធឡើងតាមធម្មតាបាននោះដែរ ដោយសារតែការផ្ទុះឡើងនៃវិបត្តិ COVID-19៕