(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៩៦៥នាក់ទៀតត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

នេះជាថ្ងៃទី៣ហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លង COVID-19 រហូតក្បែរខ្ទង់ ១,០០០នាក់ គិតចាប់តាំងពីការផ្ទុះករណីឆ្លងយ៉ាងគំហុក ដែលបានកើតចេញពីទីកន្លែងកម្សាន្តរាត្រីមួយ នៅទីក្រុងបាងកក។ បើតាមអាជ្ញាធរ CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៦៥៤នាក់មានជាប់ពាក់ព័ន្ធ ទៅនឹងទីកន្លែងផ្ទុះករណីឆ្លង COVID-19 ជាចង្កោមៗ និង ៣០២នាក់ត្រូវបានរកឃើញ តាមរយៈការធ្វើតេស្តជាធម្មតា នៅក្នុងខេត្តចំនួន ៤២។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ ទី១៣ ខែមេសានេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣៤,៥៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៧នាក់ និងជាសះស្បើយឡើងវិញ ២៨,២៨៨នាក់។ ដោយឡែកចំនួនអ្នកជំងឺ ដែលកំពុងស្ថិតក្នុងការព្យាបាលមានរហូតដល់ទៅ ៦,១៩០នាក់។ គិតត្រឹមថ្ងៃអង្គារដដែលនេះ ការចាក់វ៉ាក់សាំងបង្ការ COVID-19 ទូទាំងប្រទេសថៃសម្រេចបានជាង ៥៧៨,០០០ដូស៕