(អាមេរិក)៖ កាលពីប៉ុន្មានទសវត្សរ៍មុន ក្រុមអវកាសយានិកទាំងអស់ ដែលមានឱកាសបានទៅជាន់លើផ្ទៃព្រះច័ន្ទគឺសុទ្ធតែជាបុរស។ ប៉ុន្តែសម្រាប់គម្រោងកម្មវិធី អាតេមីស (Artemis) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងមានការបញ្ជូនអវកាសយានិកជាស្រ្តី ទៅកាន់ទីនោះ ជាលើកដំបូងបង្អស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន space នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
កម្មវិធី Apollo ទាំងអស់របស់អង្គការ NASA ដែលមានរយៈពេលចាប់ពីឆ្នាំ១៩៦៩-១៩៧២ មានអវកាសយានិកតែ ១២រូបប៉ុណ្ណោះ ដែលបានចុះទៅដល់លើផ្ទៃព្រះច័ន្ទ ហើយពួកគេទាំងនោះសុទ្ធតែ ជាបុរសទាំងអស់។ អំឡុងជំនាន់ដំបូងៗរបស់ NASA គឺក្រុមអវកាសយានិក មិនសូវមានលក្ខណៈចម្រុះដូចសព្វថ្ងៃឡើយ ដោយភាគច្រើនបំផុតជាបុរសជនជាតិស្បែកស។
ប៉ុន្តែឥឡូវនេះ សម្រាប់គម្រោងបញ្ជូនក្រុមអវកាសយានិកសាជាថ្មី ទៅកាន់លើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ ក្រោមកម្មវិធី Artemis ទីភ្នាក់ងារ NASA នឹងបញ្ជូនអវកាសយានិកជាស្រ្តីផងដែរ។ ស្របពេលដែលមានមតិខ្លះយល់ថា វាគ្រាន់តែជាការសម្តែង ជាការបង្ហាញឲ្យល្អមើលនោះ NASA បានបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនអវកាសយានិករួមមានស្រ្តីបែបនេះ គឺដោយសារតែពួកគេក៏មានសមត្ថភាព និងគុណសម្បត្តិគ្រប់គ្រាន់ ស្មើនឹងអវកាសយានិកជាបុរសដែរ។
យ៉ាងណាមិញមកទល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ថា តើស្រ្តីអវកាសយានិករូបណារបស់ NASA ដែលនឹងមានឱកាស បានទៅជាន់លើផ្ទៃព្រះច័ន្ទនៅឡើយទេ។ មិនតែប៉ុណ្ណោះថ្មីៗនេះ NASA បានប្រកាសថា ខ្លួនក៏មានគោលដៅបញ្ជូន អវកាសយានិកដែល មិនមែនជាជនជាតិស្បែកសផងដែរ៕