(ប៉ារីស)៖ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នៅថ្ងៃចន្ទសប្តាហ៍នេះបានស្នើឲ្យរុស្ស៉ី បញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន ហើយបន្ធូរបន្ថយភាពតានតឹងវិញជាបន្ទាន់ ក្រោយមានការប្រមូលផ្តុំកម្លាំងទ័ព នៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមខាងលើ នៅមុនកិច្ចប្រជុំមួយរបស់អង្គការ NATO ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល ជុំវិញក្តីព្រួយបារម្ភថា ជម្លោះប្រដាប់អាវុធដែលបាននិងកំពុងអូសបន្លាយរាប់ឆ្នាំ នៅតំបន់ភាគខាងកើតអ៊ុយក្រែន អាចបានផ្ទុះឡើងខ្លាំងក្នុងឆ្នាំនេះ។ ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី កាណាដា និងជប៉ុន ខណៈក្នុងចំណោមនោះ មានតែជប៉ុនមួយប៉ុណ្ណោះ មិនមែនជាសមាជិករបស់ NATO។
គួរបញ្ជាក់ថា បើតាមអ៊ុយក្រែន រុស្ស៉ីបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់ នៅតាមបណ្តោយព្រំដែនភាគខាងជើងនិងខាងកើតរបស់ខ្លួន ព្រមទាំងនៅតំបន់គ្រីមៀផងដែរ។ ទីក្រុងម៉ូស្គូមិនបានបដិសេធ ចំពោះការចល័តទ័ពនេះឡើយ ប៉ុន្តែបានអះអាងថា វាធ្វើដើម្បីពង្រឹងការការពារខ្លួន ដោយពុំមានបំណងទៅគំរាមកំហែង ប្រទេសណាមួយនោះទេ។
សកម្មភាពប្រយុទ្ធគ្នានៅតំបន់ជម្លោះភាគខាងកើតអ៊ុយក្រែន បានចុះអន់ថយគួរឲ្យកត់សម្គាល់កាលពីក្នុងឆ្នាំ២០២០ នៅពេលកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ចាប់ផ្តើមមានសុពលភាព ប៉ុន្តែការប៉ះទង្គិចគ្នាបានកើនឡើងជាថ្មី ចាប់តាំងតែពីដើមឆ្នាំ២០២១នេះ ហើយភាគីទាំងសងខាងគឺរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមឧទ្ទាមភាគខាងកើត បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕