(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថានភាពនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន បានឡើងកម្តៅជាបន្តបន្ទាប់ ហើយក្នុងនោះអាចមើលឃើញដោយងាយស្រួល នូវស្រមោលរបស់អាមេរិក។ កងទ័ពអាមេរិកអះអាងថានឹងដាក់ពង្រាយ នាវាចម្បាំងទៅកាន់សមុទ្រខ្មៅ។ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់អាមេរិក រួមទាំងលោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសជាដើម បានធ្វើការប្រាស្រ័យទាក់ទងយ៉ាងមមាញឹកជាមួយភាគីអ៊ុយក្រែន។ល។
ដោយសារអាមេរិកបានលូតដៃចូលម្តងហើយម្តងទៀត ដូចនេះអ៊ុយក្រែនកំពុងប្រឈមនឹងហានិភ័យ នៃការប៉ះទង្គិចផ្នែកយោធាដោយទ្រង់ទ្រាយធំ។ យ៉ាងណាមិញ ដោយយកបញ្ហាប្រជាធិបតេយ្យធ្វើជាលេស អាមេរិកបានបង្កភាពចលាចល និងបំផ្លាញសន្តិភាពសកលលោក នេះគ្រាន់តែជាជ្រុងមួយតែប៉ុណ្ណោះ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន អាមេរិកបានបង្កការវាយប្រហារតាមទំនើងចិត្ត ទៅលើប្រទេសណាទាំងអស់ ដែលមិនព្រមទទួលយកប្រព័ន្ធរបបដែលអាមេរិកបានរៀបចំឱ្យ។ ចំពោះប្រទេសទាំងនេះ អាមេរិកផ្ទុះអាវុធដោយផ្ទាល់ ឬមួយក៏ញុះញង់ឱ្យបំផុស «បដិវត្តន៍ពណ៌» ដើម្បីបង្ខំឱ្យប្រទេសដទៃទៀតផ្លាស់ប្តូររដ្ឋអំណាច។
ប្រទេសស៊ីរីធ្លាប់ជាប្រទេសមជ្ឈិមបូព៌ា ដែលសម្បូរសម្បាយ និងល្បីឈ្មោះលើវិស័យទេសចរណ៍ និងជាប្រទេសផលិតប្រេងកាតដ៏សំខាន់ ប៉ុន្តែបច្ចុប្បន្ននៅប្រទេសនេះ ប្រជាជនសាមញ្ញរាប់សិបលាននាក់ ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក។
សហរដ្ឋអាមេរិកបានចាត់បញ្ជូនកងទ័ព ទៅបោះប្រចាំអាហ្វហ្គានីស្ថានអស់រយៈពេល២០ឆ្នាំ ដោយយកការប្រឆាំងភេរវកម្មធ្វើជាលេស ប៉ុន្តែមិនបានកម្ទេចចោលអង្គការអាល់កៃដា និងកងកម្លាំងប្រដាប់អាវុធតាលីបង់នោះទេ ជាងនេះទៅទៀត បែរជាបណ្តាលឱ្យ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាន់តែស្ថិតក្នុងភាពជាប់គាំង ហើយក្របខណ្ឌដែលកងកម្លាំងប្រដាប់អាវុធតាលីបង់គ្រប់គ្រង បានកើតឡើងជាបន្តបន្ទាប់។
រីឯប្រទេសអ៊ីរ៉ាក់វិញ កាលពីឆ្នាំ២០០៣ អាមេរិកបានឈ្លានពានអ៊ីរ៉ាក់ដោយទម្លាក់កំហុសតែផ្តាស ធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាម ក្នុងរយៈពេលយូរ កងកម្លាំងភេរវកម្មដូចជាអង្គការជ្រុលនិយមជាដើម បានឆ្លៀតឱកាសនេះធ្វើសកម្មភាពវាយប្រហារជាច្រើន។ បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ដែលអាមេរិកបានពូនជ្រំនៅប្រទេសអ៊ីរ៉ាក់និងស៊ីរីជាដើម មានចំនួនមិនតិចទេ បានក្លាយជាអង្គការភេរវកម្ម ក៏ដូចជាបានក្លាយជាប្រភពដើម នៃសកម្មភាពភេរវកម្មអន្តរជាតិផងដែរ។
នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក បាននិយាយធ្លាយថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជនជាតិអាមេរិកប៉ុន្មានជំនាន់ សុទ្ធតែធ្វើការប្រយុទ្ធដើម្បីប្រេងកាត។ ពាក្យសំដីនេះធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែត នាំគ្នាសើចចំអកថា «តើវាមិនមែនដើម្បីប្រជាធិបតេយ្យនិងសេរីភាពទេឬ? ម៉េចក៏ដើម្បីប្រេងកាតទៅវិញ?
ប្រឈមនឹងគ្រោះមហន្តរាយមនុស្សធម៌និយម ដែលគួរឱ្យអ្នកផងភ្ញាក់ផ្អើល រហូតដល់បច្ចុប្បន្ននេះ អ្នកធ្វើសេចក្តីសម្រេចចិត្តរបស់អាមេរិក នៅតែគ្មានការស្តាយក្រោយទាល់តែសោះ។ ចាប់ពីញុះញង់និងលូតដៃចូលស្ថានភាពរបស់អ៊ុយក្រែន ដល់អះអាងដោយបញ្ឆិតបញ្ឆៀងថា ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន តាមកាលបរិចេ្ឆទថ្ងៃទី១ខែឧសភា ទំនងជាគ្មានលទ្ធភាពសម្រេចបានទេ ទង្វើរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់លាស់ថា៖ អ្វីដែលអាមេរិកនាំចេញ មិនមែនប្រជាធិបតេយ្យនោះទេ តែគឺភាពវឹកវរនិងសង្គ្រាម ប្រសិនបើរំពឹងទុកថា អាមេរិកដែលជាប្រទេសមានអនុត្តរភាពតាំងពីកំណើតមក អាចរក្សាសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត នោះហាក់ដូចជាសុំស្បែកពីខ្លា៕