(ប្រេស៊ីឡា)៖ ប្រទេសប្រេស៊ីលបានបូកបន្ថែម អ្នកជំងឺបាត់បង់ជីវិតដោយសារ COVID-19 ចំនួន ១,៤៨០នាក់ទៀតកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាតួលេខនៃអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺនេះ ខ្ពស់បំផុតមិនធ្លាប់មាន ខណៈការស៊ើបអង្កេតមួយត្រូវបានអំពាវនាវ ទៅលើរដ្ឋាភិបាលលោកប្រធានាធិបតី បូលសូណារ៉ូ (Jair Bolsonaro) អំពីការគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសប្រេស៊ីល នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្វើឲ្យចំនួនករណីឆ្លង និងស្លាប់ជាផ្លូវការកើនឡើងយ៉ាងគំហុក ដោយគិតត្រឹមថ្ងៃចន្ទសប្តាហ៍ ចំនួនអ្នកឆ្លង COVID-19 មានសរុបជាង ១៣.៥លានករណី ហើយក្នុងនោះអ្នកជំងឺសរុបជាង ៣៥៤,០០០នាក់បានបាត់បង់ជីវិត។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលប្រេស៊ីល។
ការរាតត្បាត COVID-19 គឺជាបញ្ហាធំធេងសម្រាប់ប្រេស៊ីលទៅហើយ ប៉ុន្តៃប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ ក៏កំពុងប្រឈមមុខបញ្ហាធំមួយផ្សេងទៀតផងដែរ នោះគឺការស៊ើបអង្កេតដោយព្រឹទ្ធសភា ទៅលើការគ្រប់គ្រងជំងឺ COVID-19 ដោយរដ្ឋាភិបាលរបស់លោកក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ដែលត្រូវបានគេមើលឃើញថា គ្មានប្រសិទ្ធភាព និងបានធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើងៗ៕