(ណក់ស៍វីល)៖ ប៉ូលិសបានបើកការបាញ់តបត ទៅលើសិស្សវិទ្យាល័យម្នាក់ បណ្តាលឲ្យស្លាប់នៅឯវិទ្យាល័យមួយ ក្នុងទីក្រុងណក់ស៍វីល (Knoxville) នៃរដ្ឋធិនណែសស៊ី (Tennessee) សហរដ្ឋអាមេរិក បន្ទាប់ពីសិស្សសាលារូបនោះ បានបើកការបាញ់ប្រហារមកលើប៉ូលិសមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅឯវិទ្យាល័យមួយមានឈ្មោះថា អូស្ទីន អ៊ីសត៍ ម៉ាកណេត (Austin-East Magnet) ស្ថិតភាគខាងកើតទីក្រុង Knoxville។ ការបាញ់ប្រហារកាលពីថ្ងៃចន្ទ សប្តាហ៍នេះត្រូវបានគេមើលឃើញថា ជាអំពើហិង្សាប្រដាប់អាវុធចុងក្រោយហើយ នៅក្នុងសហរដ្ឋអាមេរិក គិតចាប់តាំងពីខែមីនាឆ្នាំនេះ ដែលបានកើតមានឡើងចំពេលមានការដង្ហោយ រកកំណែទម្រង់ការប្រើប្រាស់អាវុធទូទាំងសហរដ្ឋអាមេរិក ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងៗ លើរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។
នៅក្នុងករណីបាញ់ប្រហារនោះ ប៉ូលិសម្នាក់បានទទួលរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុង Knoxville។ កងកម្លាំងប៉ូលិសបានអះអាងថា ពួកបានទទួលសេចក្តីរាយការណ៍ថា មានខ្មាន់កាំភ្លើងនៅក្នុងសាលារៀន និងកំពុងលាក់ខ្លួនក្នុងបន្ទប់ទឹក។ បន្ទាប់មកពីពេលប៉ូលិសចូលទៅដល់ ខ្មាន់កាំភ្លើងដែលក្រោយមក ត្រូវបានគេស្គាល់ថាជាសិស្សសាលានោះ បានបាញ់ប៉ុន្មានគ្រាប់មុនមកលើប៉ូលិស ហើយប៉ូលិសក៏បានបាញ់តបតវិញ បណ្តាលឲ្យសិស្សរូបនោះស្លាប់នៅនឹងកន្លែងតែម្តង៕