(ហុងកុង)៖ ប្រធានអាជ្ញាធរហុងកុងលោកស្រី Carrie Lam បាននិយាយកាលពីថ្ងៃចន្ទនេះថា ហុងកុងនឹងបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺឆ្លង COVID-19 មួយចំនួន សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ ដោយចាប់ផ្តើមអនុវត្តចាប់ពីចុងខែមេសានេះនេះទៅ ខណៈដែលអាជ្ញាធរព្យាយាមបង្កើនល្បឿន នៃការចាក់វ៉ាក់សាំង នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
លោកស្រីបានបន្ថែមថា បារ និងហាងស្រាដែលបច្ចុប្បន្នត្រូវបានបិទទ្វារ នឹងត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញជាដំណាក់កាល ភ្ជាប់មកជាមួយល័ក្ខខ័ណ្ឌដែលបុគ្គលិក និងអតិថិជនទាំងអស់ បានទទួលចាក់វ៉ាក់សាំងរួចរាល់។ ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ត្រូវបានអនុញ្ញាតិឲ្យទៅមន្ទីរពេទ្យរដ្ឋ និងផ្ទះថែទាំជំងឺផងដែរ។
ជាមួយគ្នានេះលោកស្រីក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលកំពុងពិភាក្សាលម្អិតបន្ថែមទៀត និងមានគោលបំណងបន្ធូរបន្ថយវិធានការណ៍ ចាប់ពីថ្ងៃទី២៩ ខែមេសា។ មានតែអ្នកស្រុកដែលបានចាក់បង្ការជំងឺ COVID-19 ចំនួន ២ដូសប៉ុណ្ណោះ ដែលបានមានសិទ្ធិនេះ។
គួរបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងនៅទីក្រុងហុងកុង មានភាពយឺតយ៉ាវខ្លាំង ដោយហេតុតែប្រជាជនមិនភាពជឿជាក់ចំពោះវ៉ាក់សាំង និងការភ័យខ្លាចចំពោះប្រតិកម្មមិនល្អ។ រហូតមកទល់ពេលនេះ មានប្រជាជនប្រមាណតែ ០៨ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ៧.៥លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំង៕