(ដាកា)៖ ស្របពេលនៃការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុកនោះ រដ្ឋាភិបាលបង់ក្លាដែសបានចេញសេចក្តីណែនាំថ្មីមួយ ដើម្បីត្រៀមអនុវត្ត «វិធានការបិទទ្វារ ឬ full lockdown» នៅទូទាំងប្រទេស ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៤ ខែមេសាតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
រដ្ឋាភិបាលបង់ក្លាដែសនៅថ្ងៃចន្ទនេះ បានចេញសារាចរណ៍ណែនាំមួយ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី២១ ខែមេសា។ ស្របតាមសេចក្តីណែនាំ រាល់ការិយាល័យរដ្ឋាភិបាល ការិយាល័យពាក់កណ្តាលរដ្ឋាភិបាល ការិយាល័យស្វយ័ត និងឯកជន នឹងត្រូវបិទទ្វារ។ ប៉ុន្តែបំរាមនេះ នឹងមិនអនុវត្តចំពោះព្រលានយន្តហោះ ផែស្ងួត និងកំពង់ផែសមុទ្រ និងការិយាល័យគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេនោះទេ។
វិធានការបិទទ្វារថ្មីដែលដាក់ដោយច្បាប់តឹងរឹង ទាមទារឱ្យមានការបិទផ្សារ និងផ្សារទំនើប ប៉ុន្តែអនុញ្ញាតឱ្យភោជនីយដ្ឋាន និងសណ្ឋាគារនៅតែបើកដំណើរការដដែល ចាប់ពីព្រឹកដល់ល្ងាច ប៉ុន្តែសម្រាប់តែសេវាកម្មយកតាមផ្ទះ ឬតាមអ៊ីនធឺណិតប៉ុណ្ណោះ។ គ្មាននរណាម្នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចេញទៅខាងក្រៅនោះទេ ប្រសិនបើគ្មានភាពចាំបាច់ ដូចជាការទៅទិញឱសថ និងសំភារៈចាំបាច់ប្រចាំថ្ងៃ ការទៅព្យាបាលជំងឺ និងការបញ្ចុះសព ឬពិធីបុណ្យសព។
បើតាមសេចក្ដីណែនាំខាងលើ សេវាកម្មដឹកជញ្ជូនសាធារណៈទាំងអស់ ក៏នឹងត្រូវផ្អាកដំណើរការដែរ ប៉ុន្តែរថយន្តដឹកទំនិញ ប្រព័ន្ធផលិតកម្ម និងសេវាកម្មបន្ទាន់ នឹងមិនស្ថិតនៅក្រោមការត្រួតពិនិត្យ នៃវិធានការបិទទ្វារឡើយ។ បង់ក្លាដែសជាប្រទេសស្ថិតនៅតំបន់អាស៊ីខាងត្បូង និងមានប្រជាជនសរុបជិត ១៦៦លាននាក់ គិតត្រឹមថ្ងៃចន្ទនេះមានករណីឆ្លង COVID-19 សរុបជាង ៦៨៤,០០០នាក់ ក្នុងនោះស្លាប់ជាង ៩,៧០០នាក់ និងជាសះស្បើយឡើងវិញជាង ៥៧៦,០០០នាក់៕