(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសនៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសចិនបានសម្រេចចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ១៦៧.៣៤លានដូសហើយ ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមការដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់កំពុងតែជំរុញឲ្យពលរដ្ឋខ្លួន ជាពិសេសអ្នកដែលកំពុងបម្រើការងារសំំខាន់ៗ និងរស់នៅតាមទីប្រជុំជននានា រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលផលិតផលក្នុងស្រុក និងត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ។ តំបន់មួយចំនួនទៀតនៅប្រទេសចិន ជាពិសេសនៅទីក្រុងប៉េកាំង ក៏បានបង្កើតកម្មវិធីទាក់ទាញទឹកចិត្ត ឲ្យប្រជាជនចូលរួមចាក់វ៉ាក់សាំងផងដែរ ក្នុងនោះដូចជាការចាក់វ៉ាក់សាំង ដើម្បីប្តូរយកប័ណ្ណបញ្ចុះតម្លៃក្នុងហាងលក់ទំនិញជាដើម។
គួរបញ្ជាក់ថា ប្រទេសចិនបាននិងកំពុង គ្រប់គ្រងការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងស្រុកបានយ៉ាងល្អប្រសើរបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ មកម្ល៉េះ ហើយភាគច្រើនបំផុតនៃករណីវិជ្ជមានប្រចាំថ្ងៃ ត្រូវបានរកឃើញតែទៅលើ អ្នកធ្វើដំណើរមកពីក្រៅប្រទេសប៉ុណ្ណោះ។ គិតត្រឹមថ្ងៃចន្ទនេះ ចិនមានករណីឆ្លង COVID-19 សរុប ៩០,៤២៦ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៥,៤៩៥នាក់៕