(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩៨៥ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតនៅប្រទេសថៃ ដែលត្រូវបានឃើញក្នុងរយៈពេលតែ ០១ថ្ងៃប៉ុណ្ណោះ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះកាលពីឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើនេះ មាន ៩៨០ករណី ជាករណីឆ្លងក្នុងស្រុក ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុង បាងកក (Bangkok), ទីក្រុង ឈៀង ម៉ៃ (Chiang Mai), និងនៅក្នុងបណ្ដាខេត្តផ្សេងៗទៀត ខណៈ០៥ករណីទៀត ជាករណីនាំចូលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។
បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣៣,៦១០ករណី ក្នុងនោះមានអ្នកស្លាប់ ៩៧នាក់ និងអ្នកជាសះស្បើយ ២៨,២៤៨នាក់។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ប្រជាជនចំនួន ១២,៨៣៤នាក់នៅក្នុងប្រទេសថៃ បានទទួលការវ៉ាក់សាំងសម្រាប់ដូសដំបូងរបស់ពួកគេ ខណៈប្រជាជនចំនួន ១,៨២២នាក់ទៀតបានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលបានផ្ដល់ការចាក់ជូនដល់ ប្រជាជននៅក្នុងប្រទេសថៃ កើនឡើងដល់ ៥៧០,០៥២ដូស៕