(លីម៉ា)៖ ការបោះឆ្នោតបានចាប់ផ្តើមប្រព្រឹត្តទៅនៅប្រទេសប៉េរូ នាព្រឹកនៅថ្ងៃអាទិត្យ ទី១១ ខែមេសា (ពេលវេលានៅប៉េរូ) ដោយមានប្រជាជនជាង ២៥លាននាក់ ដែលមានសិទ្ធិបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
ប្រជាជនប៉េរូ នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី០១រូប អនុប្រធានាធិបតី០២រូប សមាជិកសភា១៣០រូប និងតំណាងរាស្រ្ត ០៥រូប សម្រាប់សភានៃក្រុមប្រទេសជួរភ្នំអង់។ ពួកគេនឹងជ្រើសរើសប្រធានាធិបតី០១រូប ក្នុងចំណោមបេក្ខភាពប្រធានាធិបតីសរុប១៨រូប ហើយបើក្នុងចំណោមនោះ មាននរណាម្នាក់ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងតិច៥០ភាគរយ នោះវានឹងចៀសវាងភាពចាំបាច់ នៃការបោះឆ្នោតជុំទី២ ហើយបេក្ខជនម្នាក់នោះ នឹងចូលកាន់តំណែងនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ តែម្តង។
ប៉ូលិសប៉េរូប្រហែល ៩០,០០០នាក់ និងកងកម្លាំងប្រដាប់អាវុធប្រហែល៦២,០០០នាក់ ត្រូវបានដាក់ពង្រឹងដើម្បីកំពុងពង្រឹងសន្តិសុខ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ហើយអ្នកសង្កេតការណ៍មកពីអង្គការអន្តរជាតិចំនួន១៧ ក៏កំពុងតាមដានដំណើរការបោះឆ្នោតផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះកើតឡើង ក្នុងពេលវេលាដ៏លំបាកមួយសម្រាប់ប៉េរូ ដែលទើបតែជួបប្រទះការកើនឡើងយ៉ាងគំហុក នូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19។ ដូច្នេះហើយ គណៈកម្មការបោះឆ្នោតប៉េរូ ក៏បានរៀបចំវិធានការសុវត្ថិភាពតឹងរ៉ឹងនៅតាមមណ្ឌលបោះឆ្នោតផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស ដែលមានករណីឆ្លងសរុបចំនួន ១,៦៣៩,៧៦៧ករណីមួយនេះ៕