(ញូដេលី)៖ ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសឥណ្ឌា កាន់តែបង្ហាញភាពយ៉ាប់យ៉ឺនបន្ថែមមួយកម្រិតទៀតហើយ ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺនេះរហូតដល់ទៅ ១៦៩,៩១៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាត ១៣,៥២៥,៣៧៩នាក់ លើសប្រទេសប្រេស៊ីលទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
ក្រៅពីចំនួនអ្នកឆ្លងថ្មីៗ ដែលបានធ្វើឲ្យឥណ្ឌាឡើងទៅឈរនៅលេខរៀងទី ២ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតលើលោកនោះ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺ ៩០៤នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ដែលធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត កើនឡើងដល់ ១៧០,២០៩នាក់ (ទាបជាងប្រេស៊ីលជាងពាក់កណ្តាល)។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៧ហើយ ដែលប្រទេសឥណ្ឌាមើលឃើញករណីឆ្លង COVID-19 លើស១សែននាក់ក្នុងមួយថ្ងៃ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ឥណ្ឌាបានចាក់វ៉ាក់សាំងជូនប្រជាជនប្រមាណ ២.៧លានដូស ដែលតួលេខចាក់ប្រចាំថ្ងៃខ្ពស់បំផុតរួចទៅហើយ។ ចាប់ពីថ្ងៃទី១១-១៤ ខែមេសា ឥណ្ឌាបានប្តេជ្ញាជំរុញការចាក់វ៉ាក់សាំង ឲ្យបានកាន់តែច្រើនថែមទៀត៕