(ការ៉ាកាស)៖ ប្រទេសវេណេស៊ុយអេឡាបានប្រកាសថា ខ្លួនរំពឹងក្នុងការផលិតឲ្យបាន វ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយប្រទេសគុយបា ប្រមាណ ០២លានដូសក្នុងមួយខែ ខណៈប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏នឹងចូលរួមធ្វើតេស្តដំណាក់កាលទី ៣ ចំពោះវ៉ាក់សាំងដែលគុយបាកំពុងអភិវឌ្ឍមានឈ្មោះថា អាប់ដាឡា (Abdala) នោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា «យើងបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីផលិត (វ៉ាក់សាំងគុយបា) នៅក្នុងមន្ទីរពិសោធន៍នានារបស់យើង... វ៉ាក់សាំងចំនួន ០២លានដូសនឹងត្រូវផលិតក្នុងមួយខែ... គឺនៅក្នុងខែសីហា និងកញ្ញា...»។ វ៉ាក់សាំងប្រឆាំង COVID-19 របស់គុយបាពេលនេះ កំពុងស្ថិតក្នុងរៀបចំធ្វើតេស្ត សម្រាប់ដំណាក់កាលទី ៣ (ចុងក្រោយ)។
កាលពីដើមសប្តាហ៍មុននេះ រដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសថា បើកុំតែមានទណ្ឌកម្មពីសហរដ្ឋអាមេរិក ប្រទេសអាមេរិកឡាទីនមួយនេះ ទំនងជាបានបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 សរុប ៣០លានដូសរួចទៅហើយ។ ការដោះស្រាយបញ្ហារបស់លោក ម៉ាឌូរ៉ូ គឺជាការឆ្លើយតបចំពោះការរិះគន់ពីលោក ហ្គៃដូ (Juan Guaido) មេបក្សប្រឆាំងនៅវេណេស៊ុយអេឡា ដែលបានចោទរដ្ឋាភិបាលលោកថា កំពុងភូតកុហក និងធ្វើឲ្យប្រទេសនេះខ្វះខាតវ៉ាក់សាំង។
គួរបញ្ជាក់ថា គិតត្រឹមចុងសប្តាហ៍មុននេះ វេណេស៊ុយអេឡាទើបបានទទួលវ៉ាក់សាំង Sputnik V ចំនួន ២៥០,០០០ដូសពីរុស្ស៊ី និងវ៉ាក់សាំង Sinopharm ចំនួន ៥០០,០០០ដូសពីចិនតែប៉ុណ្ណោះ។ ដោយឡែកការត្រៀមអនុម័តឲ្យវ៉ាក់សាំង Abdala របស់គុយបា នឹងក្លាយជាលើកដំបូងហើយ សម្រាប់តំបន់អាមេរិកឡាទីន ខណៈវេណេស៊ុយអេឡាត្រូវបានគេមើលឃើញថា ជាប្រទេសកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង យឺតជាងគេក្នុងតំបន់៕