(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៧,៨៦៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៧៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៩១៨,៥៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៥,៨២៩នាក់ និងជាសះស្បើយឡើងសរុប ២៤,៤៨០,៥២២នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា សហរដ្ឋអាមេរិកបានប្រកាសពី ការបំបែកកំណត់ត្រាខ្ពស់ថ្មីមួយទៀត ដោយការចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៤.៦៣លានដូសជូនដល់ប្រជាជន នៅក្នុងរយៈពេលតែមួយថ្ងៃ។ យ៉ាងណាក៏ដោយ បញ្ហាធំនៅពេលនេះគឺ ៧៥% នៃប្រជាជនអាមេរិក មិនទាន់ត្រូវបានចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួនដូសនៅឡើយទេ ខណៈអ្នកជំនាញបានព្រមានថា វីរុស COVID-19 បំប្លែងថ្មី B.1.1.7 នឹងអាចបង្កឲ្យមានអ្នកឈឺធ្ងន់ ព្រមទាំងបាត់បង់ជីវិតច្រើនបន្ថែមទៀត នៅទូទាំងសហរដ្ឋអាមេរិក៕