(បាកដាដ)៖ ប្រទេសអ៉ីរ៉ាក់នៅយប់ថ្ងៃអាទិត្យ បានទទួលវ៉ាក់សាំង Sinopharm ដែលចិនឧបត្ថម្ភចំនួន ២០០,០០០ដូសនៅក្នុងតំណាក់កាលទី ២ ដើម្បីជួយប្រទេសមួយនេះ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
ពិធីទទួលវ៉ាក់សាំងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៉ីរ៉ាក់ ដោយមានការចូលរួមផ្ទាល់ពីឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអ៉ីរ៉ាក់លោក ចាង តាវ (Zhang Tao) និងរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ាក់លោក ហាស្សាន អាល់ តាមីមី (Hassan al-Tamimi) ព្រមទាំងមន្ត្រីជាន់ខ្ពស់អ៉ីរ៉ាក់ជាច្រើនរូបទៀត។
នៅក្នុងពិធីទទួលនោះដែរ ឯកអគ្គរដ្ឋទូតចិនបានចាត់ទុកប្រទេសអ៉ីរ៉ាក់ គឺជាមិត្តដ៏ល្អ និងជាដៃគូដ៏ជិតស្និទ្ធជាមួយចិន ដែលតែងតែជួយគាំទ្រគ្នា នៅគ្រប់កាលៈទេសៈទាំងអស់។ ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ាក់ តាំងនាមឲ្យប្រជាជាតិនេះទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចិន ព្រោះចាប់តាំងពីវីរុស COVID-19 ផ្ទុះឡើងដំបូង ចិនក៏ជាប្រទេសដំបូងដែលបានប្រកាស បរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺនេះ មកដល់អ៉ីរ៉ាក់ផងដែរ។
គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ាក់ដែលមានប្រជាជនជិត ៤១លាននាក់ គិតត្រឹមចុងសប្តាហ៍មុននេះបានរកឃើញករណីឆ្លង COVID-19 សរុបជាង ៩២៤,០០០ករណី ក្នុងនោះស្លាប់ជាង ១៤,៧០០នាក់ និងជាសះស្បើយវិញជាង ៨១៤,០០០នាក់៕