(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីសកម្មភាពឈ្លានពានរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ ហើយបានព្រមានថា វាជាកំហុសដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកណាម្នាក់ដែលព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដោយកម្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។
លោក Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC នៅថ្ងៃនេះថា«អ្វីដែលយើងបានឃើញ និងអ្វីដែលជាការព្រួយបារម្ភពិតប្រាកដរបស់យើងនោះ គឺសកម្មភាពកាន់តែខ្លាំងក្លាឡើងដោយរដ្ឋាភិបាលនៅទីក្រុងប៉េកាំង សំដៅទៅលើកោះតៃវ៉ាន់ ដោយបង្កើនភាពតានតឹងនៅតាមច្រកសមុទ្រ»។
លោក Blinken មានប្រសាសន៍ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តជាយូរមកហើយ ក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ដើម្បីធានាថា កោះមួយនេះមានសមត្ថភាពការពារខ្លួន និងដើម្បីរក្សាសន្តិភាពនិងសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។
នៅពេលគេសួរថា តើសហរដ្ឋអាមេរិកនឹងឆ្លើយតបផ្នែកយោធាឬយ៉ាងណា ចំពោះសកម្មភាពរបស់ចិននៅកោះតៃវ៉ាន់ លោក Blinken បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសម្មតិកម្មនេះ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កោះតៃវ៉ាន់បានត្អូញត្អែរចំពោះសកម្មភាពយោធាម្តងហើយម្តងទៀតរបស់កងទ័ពអាកាសចិននៅក្បែរកោះ ដែលចិនអះអាងថាជារបស់ខ្លួន។ សេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា ខ្លួនកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធលើសកម្មភាពយោធារបស់ចិនដែលកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានហៅសកម្មភាពរបស់ទីក្រុងប៉េកាំងថា បានបង្ករអស្ថិរភាពក្នុងតំបន់។
ដោយឡែកចិនក៏បានហៅសកម្មភាពចលតនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅក្បែរកោះតៃវ៉ាន់ថា ជាទង្វើបង្ករហេតុ និងបង្ករអសន្តិសុខក្នុងតំបន់ផងដែរ៕