(រ៉ង់ហ្គូន)៖ អ្នកការទូតជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី និងចិនកំពុងរារាំងការឆ្លើយតបរបស់អន្តរជាតិក្នុងការដាក់ទណ្ឌកម្មចំពោះរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា«វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រទេសរុស្ស៊ីនិងចិនព្យាយាមរារាំងការប៉ុនប៉ងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឧទាហរណ៍ជាក់ស្តែងដូចជាដាក់ទណ្ឌកម្មអាវុធជាដើម»។
លោក Borrell ដែលថ្លែងក្នុងនាមប្រទេសទាំង ២៧ ជាសមាជិករបស់សហភាពអឺរ៉ុបថា«ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យមានការលំបាកក្នុងការស្វែងរកមូលដ្ឋានរួម។ "ប៉ុន្តែយើងមានកាតព្វកិច្ចក្នុងការព្យាយាម»។
គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខរបស់យោធាមីយ៉ាន់ម៉ាបានសម្លាប់ក្រុមអ្នកតវ៉ាដែលគ្មានអាវុធជាង ៧០០នាក់ហើយ ក្នុងនោះមានទាំងកុមារ ៤៦នាក់ផងដែរ ចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានអំពាវនាវឱ្យមានការដោះលែងលោកស្រី អ៊ុង សានស៊ូជី និងអ្នកដទៃទៀតដែលត្រូវបានចាប់ខ្លួនដោយយោធា ប៉ុន្តែបានបញ្ឈប់ការថ្កោលទោសរដ្ឋប្រហារ។ សហភាពអ៊ឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មថ្មីលើបុគ្គល ក៏ដូចជាក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។ ប្លុកដដែលនេះកាលពីខែមីនា បានឯកភាពលើទណ្ឌកម្មដំបូងលើបុគ្គលចំនួន ១១នាក់ ដែលជាប់ទាក់ទងនឹងរដ្ឋប្រហាររួមទាំងអគ្គមេបញ្ជាការយោធាផងដែរ៕