(រ៉ង់ហ្គូន)៖ សន្តិសុខយាមម្នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ នៅខាងក្រៅធនាគារមួយកន្លែងជាកម្មសិទ្ធិរបស់យោធាមីយ៉ាន់ម៉ាក្នុងទីក្រុង Mandalay នៅថ្ងៃអាទិត្យនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងបង្ក្រាបលើបាតុកម្មតវ៉ាបានកើនលើស ៧០០នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។
ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើ បានកើតឡើងនៅខាងក្រៅសាខាដ៏ធំមួយនៃធនាគារ មីយ៉ាវ៉ាដឌី (Myawaddy) ហើយកងកម្លាំងសន្តិសុខជាច្រើននាក់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។ ដោយឡែក នៅថ្ងៃអាទិត្យនេះដែរ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាបានអះអាងថាចំនួនអ្នកស្លាប់នៅក្នុងការបង្រ្កាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានកើនដល់ ៧០១នាក់ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅមក។
ការរាយការណ៍ពីចំនួនអ្នកស្លាប់នេះធ្វើឡើងក្រោយអង្គការសង្គមស៊ីវិលខាងលើដដែល បានឱ្យដឹងថាមនុស្ស៨២នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ នៅក្នុងបាតុកម្មនៅឯទីក្រុង បាហ្គោ (Bago) ដែលស្ថិតនៅចំងាយ៦៥គីឡូម៉ែត្រពីភាគឦសានទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅតែបញ្ជាក់ដដែលថាតួលេខអ្នកស្លាប់មានចំនួនតិចជាងតួលេខដែលរាយការណ៍ដោយអង្គការសង្គមស៊ីវិល។ ពោលគឺគិតត្រឹម កាលពីថ្ងៃសុក្រ មនុស្ស ២៤៨នាក់បានស្លាប់ គិតចាប់តាំងពីមានរដ្ឋប្រហារមក៕