(រ៉ង់ហ្គូន)៖ ក្រុមសកម្មជនការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ាបានឱ្យដឹងថាមនុស្សច្រើនជាង ៨០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាកំឡុង ការបង្ក្រាបលើបាតុកម្មតវ៉ាមួយនៅឯទីក្រុង បាហ្គូ (Bago)កាលពីថ្ងៃសុក្រកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។
បើតាមក្រុមសកម្មជនការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់នៅក្នុងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាអាចនឹងមានច្រើនជាងនេះ ដ្បិតសាក្សីជាច្រើននាក់ដែលបាន ឃើញហេតុការណ៍ផ្ទាល់បានអះអាងថាសាកសពមនុស្សមួយចំនួនត្រូវបានកងកម្លាំងសន្តិសុខយកទៅបាត់។ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏ត្រូវបានគេរាយការណ៍
ផងដែរថាបានប្រើប្រាស់អាវុធធុនធ្ងន់ និងបាញ់ស្រោចទៅលើក្រុមបាតុករគ្មានរើសមុខ។
គួរបញ្ជាក់ថា បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយមីយ៉ាន់ម៉ា គិតមកទល់នឹងពេលនេះក្រុមបាតុករកើនដល់ ៦១៨នាក់ហើយត្រូវបានសម្លាប់ចាប់តាំងពី មានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈមក៕