(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែចាត់ទុកខ្លួនឯងជាមនុស្សមានឥទ្ធិពលជាងគេបំផុតនៅក្នុងគណបក្សសាធារណរដ្ឋ ដោយប្រាប់ ម្ចាស់ជំនួយនៃគណបក្សមួយនេះថាលោកនឹងជួយឱ្យពួកគេឈ្នះនៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។
ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចជាមួយក្រុមម្ចាស់ជំនួយនៃគណបក្សសាធារណរដ្ឋ នៅឯរមណីយដ្ឋាន Mar-a-Lago Club ក្នុងរដ្ឋផ្ល័រីដាកាលពីថ្ងៃសៅរ៍ម្សិលមិញ (ពេលវេលានៅសហរដ្ឋអាមេរិក)។ លោក ដូណាល់ ត្រាំបានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំឈរនៅទីនេះជាមួយ អ្នក នៅល្ងាចនេះជាមួយទំនុកចិត្តថានៅឆ្នាំ២០២២ យើងនឹងគ្រប់គ្រងសភាតំណាងរាស្រ្ត ព្រមទាំងព្រឹទ្ធសភាឡើងវិញ។ ហើយនៅឆ្នាំ២០២៤ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋមួយរូបនឹងគ្រប់គ្រងសេតវិមាន»។ ក៏ប៉ុន្តែ លោក ត្រាំមិនបាននិយាយថាតើលោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ ឬក៏យ៉ាងណានោះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបក្រៅផ្លូវការជាច្រើនលើកពីបំណងចង់ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីម្ដងទៀត ដោយលោកលើកឡើងថា រដ្ឋធម្មនុញ្ញអាមេរិកមិនបានហាមឃាត់លោកឡើយ ហើយថាគេគួរតែរង់ចាំរហូតដល់ក្រោយការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២២៕