(ហ្សាការតា)៖ នៅថ្ងៃសៅរ៍នេះ គ្រោះរញ្ជួយដីមួយមានកម្រិត៥.៩រ៉ិចទ័រ (បន្ថយពី៦.០រ៉ិចទ័រ) បានវាយប្រហារនៅដែនសមុទ្រកោះជ្វា របស់ប្រទេសឥណ្ឌូណេស៉ី ហើយឥឡូវទីភ្នាក់ងារគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៉ី BNPB បានឲ្យដឹងថា មនុស្សយ៉ាងតិច០៧នាក់បានស្លាប់ រីឯសំណង់អគាររាប់រយខ្នងបានរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
ហេតុការណ៍រញ្ជួយដីខាងលើ បានកើតឡើងនៅវេលាម៉ោង០២រសៀល (ម៉ោងក្នុងតំបន់នៅឥណ្ឌូណេស៉ី) ហើយឥទ្ធិពលនៃកម្លាំងរំញ័ររបស់វា បានជះពាសពេញកោះជ្វាខាងកើត ដែលមានមនុស្សរស់នៅសរុបជាង៤០លាននាក់ ព្រមទាំងដល់ខេត្តក្បែរខាងមួយចំនួនទៀត រួមមានទាំងកោះទេសចរណ៍បាលី។ ចំណុចរំញ័រនៃរញ្ជួយដីនោះ បានកើតឡើងនៅក្រោមបាតសមុទ្រជម្រៅ ប្រមាណជា៨២គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ ៤៥គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង ម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើត។
បើតាមទីភ្នាក់ងារ BNPB ក្រៅពីមានមនុស្សបាត់បង់ជីវិត នៅមានមួយចំនួនទៀតបានរងរបួស ហើយក៏មានភូមិខ្លះត្រូវជម្លៀសទៅកាន់ មណ្ឌលជ្រកកោនបណ្តោះអាសន្នផងដែរ ដោយសារផ្ទះសម្បែងពួកគេ បានរងការបំផ្លិចបំផ្លាញ។ គ្រោះរញ្ជួយដីខាងលើ បានបង្កការខូចខាត ចំពោះលំនៅឋានជាង៣០០ខ្នង រួមជាមួយអគារដទៃទៀត ដូចជាសាលារៀន មន្ទីរពេទ្យ ការិយាល័យរដ្ឋាភិបាល និងព្រះវិហារជាដើម។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ឥណ្ឌូណេស៉ី ទើបតែបានរងគ្រោះដោយសារព្យុះត្រូពិចស៉ីក្លូន ឈ្មោះ Seroja ដែលបង្កឲ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់ ជាហេតុធ្វើឲ្យមនុស្សជាង១៧០នាក់ស្លាប់ នៅខេត្ត Nusa Tenggara ខាងកើត៕