(ប៉េកាំង)៖ លោក Zheng Zhongwei មន្រ្តីក្រសួងសុខាភិបាលចិន នៅថ្ងៃសៅរ៍នេះ បាននិយាយថា ប្រទេសចិនទំនងជានឹងផលិតវ៉ាក់សាំង COVID-19 សរុបបានចំនួន០៣ពាន់លានដូស នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
លោក Zheng ដែលមានតួនាទីដឹកនាំក្រុមសម្របសម្រួល គម្រោងអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ចិនផងដែរនោះ បានលើកឡើងដូចខាងលើ កំឡុងព្រឹត្តិការណ៍ឧស្សាហកម្មមួយ នៅទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ លោក Zheng បានបញ្ជាក់ទៀតថា ប្រទេសចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតវ៉ាក់សាំង ដើម្បីបំពេញតម្រូវការក្នុងស្រុក។
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសក្នុងខែនេះ របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac Biotech ក្រុមហ៊ុនបានបង្កើនទ្វេដងនូវ សមត្ថភាពផលិតវ៉ាក់សាំងប្រចាំឆ្នាំ ដល់០២ពាន់លានដូស ក្រោយសម្រេចបានមូលដ្ឋានផលិតទី០៣របស់ខ្លួន។ រីឯក្រុមហ៊ុន Sinopharm វិញ ក៏បានបង្កើនសមត្ថភាពផលិតវ៉ាក់សាំងដល់យ៉ាងហោច ១.១ពាន់លានដូសផងដែរ។ Sinopharm មានគោលដៅបន្តបង្កើនសមត្ថភាព ផលិតឲ្យដល់០៣ពាន់លានដូស ប៉ុន្តែពុំបានបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ៕