(ប៉េកាំង)៖ ក្បួននាវាដឹកយន្តហោះចម្បាំង Theodore Roosevelt របស់សហរដ្ឋអាមេរិក បានមកម្តងទៀតហើយ។ ឈានចូលឆ្នាំ២០២១ ក្បួននាវាដឹកយន្តហោះចម្បាំង Theodore Roosevelt របស់សហរដ្ឋអាមេរិក បានបើកចូលក្នុងសមុទ្រចិនខាងត្បូង បីលើកជាបន្តបន្ទាប់ នៅពីក្រោយរឿងនេះ មិនមែនជាការបំពេញភារកិច្ចធម្មតាមួយលើកនោះទេ។
តាមការពិត សហរដ្ឋអាមេរិកមានឧបាយកលធំជាងមុនមួយ ពោលគឺចង់បង្កវិបត្តិមួយនៅសមុទ្រចិនខាងត្បូង។ ដើម្បីគួបផ្សំជាមួយសកម្មភាព នៅសមុទ្រចិនខាងត្បូងរបស់ ក្បួននាវាដឹកយន្តហោះចម្បាំង Theodore Roosevelt របស់សហរដ្ឋអាមេរិក ប៉ុន្មានថ្ងៃកន្លងទៅនេះ «ក្រុមប្រទេសបួន» គឺសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានរៀបចំធ្វើសមយុទ្ធចម្រុះលើសមុទ្រ ជាមួយប្រទេសបារាំង នៅឈូងសមុទ្របង់ក្លាដេស។ ព្រមពេលជាមួយនេះ សហរដ្ឋអាមេរិកបានអូសទាញ អូស្ត្រាលីនិងជប៉ុនឃោសនាបំប៉ោងយ៉ាងគឃ្លើន នូវបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីវាយប្រហារប្រទេសចិន។
ជាពិសេស សហរដ្ឋអាមេរិកក៏មានចេតនាអុជអាល បំបែកបំបាក់ និងញុះញង់ភាគីហ្វីលីពីន ឱ្យដាក់សម្ពាធទៅលើភាគីចិនឥតឈប់ឈរ ដោយសារការលេចចេញនាវានេសាទរបស់ចិន នៅក្បែរថ្មប៉ប្រះទឹក Niu'e។ តាមការពិត ជាយូរណាស់មកហើយ នាវានេសាទរបស់ចិន បាននេសាទនៅក្បែរថ្មប៉ប្រះទឹក Niu'e ជាប់រហូតមក ហើយការចៀសវាងខ្យល់នៅក្បែរថ្មីប៉ប្រះទឹកនេះ ដោយសារបញ្ហាធាតុអាកាស គឺជារឿងធម្មតាណាស់។
ប៉ុន្តែក្រោមការញុះញង់របស់សហរដ្ឋអាមេរិក ទង្វើជាប្រក្រតីរបស់អ្នកនេសាទចិន ត្រូវឃោសនាបំប៉ោងដោយចេតនាអាក្រក់ ទៅជាអ្វីដែលហៅថា «នាវានេសាទកងជីវពលលើសមុទ្ររបស់ចិន» ពួកគេប៉ុនប៉ងបង្ករឿងហេតុម្តងទៀត ក្នុងសមុទ្រចិនខាងត្បូង ដែលមានភាពស្ងប់សុខ ក្នុងមួយរយៈពេលកន្លងទៅនេះ។
តាមការពិត នាវានេសាទរបស់ចិន ដែលទៅចៀសវាងខ្យល់នៅទីនោះ មានចំនួនថយចុះហើយ។ សូម្បីតែប្រព័ន្ធសារព័ត៌មានហ្វីលីពីន ក៏ទទួលស្គាល់ដែរថា ពីនាវានេសាទចំនួនជាង២០០គ្រឿង ដែលភាគីហ្វីលីពីនបាននិយាយនោះ កាលពីដើមខែមីនា ដល់នាវាជាង១៨០គ្រឿង រហូតដល់ត្រឹមតែរាប់សិបគ្រឿងនាពេលបច្ចុប្បន្ននេះ។
ដើមឡើយប្រទេសចិន មានគំនិតផ្តួចផ្តើមអនុវត្តអធិបតេយ្យភាពនៅថ្មប៉ប្រះទឹក Niu'e ហើយលំហសមុទ្រនៅក្បែរនោះ ក៏ជាកន្លែងនេសាទប្រពៃណីរបស់ អ្នកនេសាទរបស់ចិនផងដែរ។ គួរឱ្យកត់សម្គាល់ថា ពេលវេលាដែលក្បួននាវាដឹកយន្តហោះចម្បាំង Theodore Roosevelt របស់សហរដ្ឋអាមេរិក បើកចូលក្នុងសមុទ្រចិនខាងត្បូង គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
ឆ្នាំនេះជាខួបទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនាគ្នារវាងចិន និងអាស៊ាននៅដើមខែមេសា តបតាមសេចក្តីអញ្ជើញរបស់លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអាស៊ានបួនគឺសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់។
ចិននិងប្រទេសទាំងបួននេះ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហា ដូចជាការជំរុញការអនុវត្តកិច្ចព្រមព្រៀង RCEP និងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ជាដើម។ ហើយកិច្ចព្រមព្រៀង RCEP គឺជាបញ្ហាដែលសហរដ្ឋអាមេរិក ព្រួយបារម្ភជាប់រហូតមក ។
និយាយជាទូទៅ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលផ្តួចផ្តើមគំនិតដោយប្រទេសអាស៊ាន១០ ជាតំបន់ពាណិជ្ជកម្មសេរីផុតលេខ ដែលបង្កើតឡើងដោយប្រទេសចំនួន១៥ ក្នុងនោះ បូករួមទាំងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលហ្សេឡង់ជាដើម។
កិច្ចព្រមព្រៀងនេះ បានគ្របដណ្តប់ប្រជាជនសកលប្រហែល៤៧ភាគរយ ផលិតផលក្នុងស្រុកសរុបលើពិភពលោកទាំងមូល ប្រហែល៣២ភាគរយ ទំហំពាណិជ្ជកម្មសកលប្រហែល២៩ភាគរយ និងការវិនិយោគសកលប្រហែល៣២ភាគរយ។ អ្វីដែលគួរឱ្យសប្បាយរីករាយគឺ រដ្ឋសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង RCEP សុទ្ធតែបង្ហាញថា នឹងជំរុញកិច្ចព្រមព្រៀងចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ដូច្នេះ ខ្ញុំគិតថា លោកអ្នកនឹងយល់ដឹងយ៉ាងច្បាស់ថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងនេះ? ហេតុអ្វីបានជាអាមេរិកឃោសនាបំប៉ោង បញ្ហាសមុទ្រចិនខាងត្បូងនៅពេលនេះ? ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP គឺមានន័យថា អាស៊ាននិងដៃគូសន្ទនាគ្នាបានគាំទ្រពាណិជ្ជកម្មសេរី ហើយនិយាយថា «ទេ» ចំពោះការពារនិយម។
និយាយត្រង់ៗទៅគឺ ពិតមែនតែមានសម្ព័ន្ធមិត្តរបស់អាមេរិក ចូលរួមកិច្ចព្រមព្រៀង RCEP ក៏ដោយ ក៏ប៉ុន្តែគ្មានទំនាក់ទំនងអី ជាមួយអាមេរិកនោះទេ ហើយក៏គ្មានទំនាក់ទំនងអី ជាមួយនឹងដុល្លារអាមេរិកផងដែរ។ ប្រសិនបើស្ថានភាព ដែលប្រទេសក្នុងតំបន់រួម រស់នៅដោយសន្តិភាព ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះអាចដំណើរការជាបន្តបន្ទាប់ នោះ សហរដ្ឋអាមេរិក នឹងយល់ឃើញថា កិច្ចព្រមព្រៀងនេះនឹងបង្កឧបសគ្គដល់ អនុត្តរភាពផ្នែកសេដ្ឋកិច្ចរបស់ខ្លួន នៅទូទាំងពិភពលោក។
វាច្បាស់ណាស់ថា សហរដ្ឋអាមេរិកមិនចង់ឃើញសភាពការណ៍បែបនេះ ក្នុងពេលជាមួយគ្នានេះ ក៏បានបញ្ជាក់ពីការពិត ដែលកម្លាំងឥទ្ធិពលរបស់អាមេរិក បានធ្លាក់ចុះឥតឈប់ឈរផងដែរ។ ពី «វ៉ាក់សាំងជាតិនិយម» ដល់ការធ្វើពហិកាចំពោះ កប្បាសភូមិភាគស៊ីនជាំង ការវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គង់វាយណភណ្ឌ រហូតដល់ឃោសនាបំប៉ោង បញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត សហរដ្ឋអាមេរិក បានបង្ខំឱ្យប្រទេសអាស៊ានជ្រើសរើស ការឈរនៅជាមួយខ្លួន ឬក៏ប្រទេសចិនជាញឹកញាប់ ប៉ុន្តែមិនអាចបំផ្លាញការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ ការអភិវឌ្ឍដោយសន្តិភាពរបស់ ប្រទេសក្នុងតំបន់ជាដាច់ខាតនោះទេ៕