(ប៊ែរឡាំង)៖ សេចក្តីសម្រេចរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) ពេលនេះ គឺជាលើកទី ១ហើយដែលតុលាការនេះបានថ្លឹងថ្លែង លើបញ្ហានៃការចាក់វ៉ាក់សាំងជាកំហិត។ ការសំរេចចិត្តនេះពិតជាអាចដើរតួក្នុងកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លងវីរុស។ នេះបើតាមការចេញផ្សាយ លើគេហទំព័រ DW របស់អាល្លឺម៉ង់ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។
តុលាការសិទ្ធិមនុស្សអឺរ៉ុប (European Court of Human Rights-ECHR) នៅទីក្រុង ស្ត្រាសប៊ក (Strasbourg) នៃប្រទេសបារាំង បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការដាក់កំហិតលើការចាក់វ៉ាក់សាំង «នឹងមិនផ្ទុយនឹងច្បាប់ស្តីពីសិទ្ធិមនុស្សទេ» ហើយការធ្វើបែបនេះក៏ប្រហែលជានឹងចាំបាច់ផងដែរ នៅក្នុងបណ្តាសង្គមប្រជាធិបតេយ្យ។
សេចក្តីសម្រេចនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹង ដែលបានប្តឹងមកកាន់តុលាការ ពីសំណាក់ក្រុមគ្រួសារជនជាតិឆេកមួយចំនួន
ទាក់ទងនឹងការដាក់កំហិតលើការចាក់វ៉ាក់សាំងលើកុមារ។ បើទោះបីជាសេចក្តីសម្រេចនេះមិនមានជាប់ទាក់ទង ដោយផ្ទាល់ជាមួយនឹងវ៉ាក់សាំង COVID-19 ក៏ដោយ ក៏អ្នកជំនាញមួយចំនួនយល់ថា «វិធានការនេះអាចនឹងជះឥទ្ធិពល ដល់ដំណើរការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ ជាពិសេសចំពោះអ្នកដែលបដិសេធ មិនព្រមចាក់វ៉ាក់សាំង COVID-19»។
លោក នីកូឡាស ហឺវី (Nicolas Hervieu) ដែលជាអ្នកជំនាញខាងផ្នែកច្បាប់នៅតុលាការ ECHR បាននិយាយថា «ការសម្រេចនេះនឹងពង្រឹងលទ្ធភាព នៃការធ្វើឱ្យការចាក់វ៉ាក់សាំងក្លាយជាកាតព្វកិច្ច នៅក្រោមស្ថានភាពនៃការរីករាលដាលនៃវីរុស COVID-19 នាពេលបច្ចុប្បន្ន»។
ការសម្រេចចិត្តនេះក៏បានបញ្ជាក់ផងដែរថា «ការដាក់កំហិតលើការចាក់វ៉ាក់សាំង នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ សុខាភិបាលនៃសាធារណរដ្ឋឆេក គឺមានភាពស៊ីគ្នាទៅនឹងផលប្រយោជន៍ដ៏ល្អបំផុត សម្រាប់កុមារដើម្បីការពារពួកគេ ពីជំងឺធ្ងន់ធ្ងរនានា»។ តុលាការបានសម្រេចថា «គោលនយោបាយសុខភាពរបស់សាធារណរដ្ឋឆេក មិនបានរំលោភលើមាត្រាទី ៨ ស្តីពីសិទ្ធិក្នុងការគោរពជីវិតឯកជន ស្របតាមអនុសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្សនោះទេ (European Convention on Human Rights)»។
តាមច្បាប់របស់សាធារណរដ្ឋឆេក កុមារទាំងអស់ត្រូវតែទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺចំនួន ៩ ដែលរួមមានជំងឺខាន់ស្លាក់, តេតាណូស, ក្អកមាន់, រលាកថ្លើមប្រភេទ B និងកញ្ជ្រិល។ ក្រុមគ្រួសារជនជាតិឆេកមួយចំនួន បានប្តឹងទៅកាន់តុលាការ បន្ទាប់ពីពួកគេបានរងនូវការផាកពិន័យជាប្រាក់ និងករណីខ្លះទៀតគឺកូនៗ របស់ពួកគេត្រូវបានកន្លែងថែទាំទារក (Nursery) បដិសេធមិនទទួល ដោយសារតែក្មេងៗទាំងនោះ មិនបានបំពេញកាតព្វកិច្ច ក្នុងការទទួលវ៉ាក់សាំង។
គួរបញ្ជាក់ថា ព័ត៌មានមិនពិតទាក់ទងនឹង ការរីករាលដាលនៃវីរុស COVID-19 ត្រូវបានផ្សព្វផ្សាយនៅទូទាំងទ្វីបអឺរ៉ុប ដែលបានធ្វើឱ្យមនុស្សមានការសង្ស័យ មកលើបញ្ហាវីរុស COVID-19 ក៏ដូចជាមកលើវ៉ាក់សាំងប្រឆាំង COVID-19។ អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង (Anti-Vaxxers) បានផ្សព្វផ្សាយពីទ្រឹស្តីមួយចំនួន ពាក់ព័ន្ធនឹងមូលហេតុដែលរដ្ឋាភិបាលចង់ចាក់វ៉ាក់សាំងលើប្រជាជនរបស់ពួកគេ ដែលបានធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងការប្រឆាំងពីសំណាក់ប្រជាជន នៅក្នុងសង្គមដែលបដិសេធ មិនព្រមទទួលការចាក់វ៉ាក់សាំង ដែលជាហេតុធ្វើឱ្យគោលដៅ នៃការបង្កើតប្រព័ន្ធភាពស៊ាំទ្រង់ទ្រាយធំ មានភាពកាន់តែពិបាក។
បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការ ECHR បែបនេះក៏ដោយ ក៏បណ្តាប្រទេសនៅអឺរ៉ុប ប្រហែលជានឹងមិនបង្ខំប្រជាជនរបស់ខ្លួន ឱ្យចាក់វ៉ាក់សាំងនោះទេ៕