(ប៉ាណាម៉ា)៖ អាជ្ញាធរសុខាភិបាលប៉ាណាម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
លោកស្រី Elvia Lau ប្រធាននាយកដ្ឋានឱសថ នៃក្រសួងសុខាភិបាលប៉ាណាម៉ា បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «វាជាឱកាសមួយបន្ថែមទៀត សម្រាប់ប្រជាជនប៉ាណាម៉ា ដែលមានវ៉ាក់សាំងបង្ការជំងឺ COVID-19 មួយផ្សេងទៀតនៅក្នុងប្រទេស ហើយមនុស្សជាច្រើននាក់ថែមទៀត អាចទទួលបានការចាក់វ៉ាក់សាំង និងសម្រេចបានការបង្កើតប្រព័ន្ធភាពស៊ាំរួមជាសហគមន៍»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៤៥០,០០០ដូស ត្រូវបានចាក់ នៅប្រទេសប៉ាណាម៉ា ដែលមានប្រជាជនសរុបជាង ៤លាននាក់។ រហូតមកទល់ពេលនេះ ប្រទេសប៉ាណាម៉ា បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣៥៧,៧០៤ករណី ក្នុងនោះមានអ្នកស្លាប់ ៦,១៥២នាក់ គិតចាប់តាំងពីមានជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះនៅក្នុងប្រទេស៕