(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៥៤៥,៥១១ដូសជូនដល់ប្រជាជននៅក្នុងថ្ងៃទី០៨ ខែមេសា ដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០១ ខែមេសា ខណៈប្រជាជន ៦០នាក់ទៀតបានស្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១២៧,០៤០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
ចំនួនប្រជាជនអង់គ្លេស ដែលបានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី ២ បានកើនឡើងដល់ ៦.៥៤លាននាក់ ខណៈចំនួនប្រជាជនអង់គ្លេស ដែលបានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី១ បានកើនឡើងដល់ ៣១.៩លាននាក់គឺច្រើនជាង ៦០ភាគរយ នៃចំនួនប្រជាជនពេញវ័យសរុបជិត ៦៨លាននាក់។ ដោយឡែកមនុស្ស ៣,១៥០នាក់ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងទិន្នន័យប្រចាំថ្ងៃដែលចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអង់គ្លេស បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបជាង ៤,៣៦៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១២៧,០៤០នាក់ និងអ្នកជាសះស្បើយជាង ៣,៩៥៧,០០០នាក់៕